អភិបាលខេត្តកំពង់ចាម ជំរុញដល់យុវសិស្ស ត្រូវប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ បំណិនជីវិត ដេីម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រុងរឿង

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញដល់យុវសិស្ស ត្រូវប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ បំណិនជីវិត ដេីម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រុងរឿង និងសម្បូរសប្បាយ ថ្លែងបែបនេះក្នុងពិធីបើកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានក្រេីនរំលឹកប្រាប់យុវសិស្សថា ការប្រព្រឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណាដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងត្រូវកសាងជីវិតឱ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកចំណេះវិជ្ជាមកធ្វើជាខឿនបម្រើផលប្រយោជន៍ក្នុងសង្គមគ្រួសារ និងប្រទេសជាតិ លើមាគ៌ាអភិវឌ្ឍប្រទេសជាតិជានិរន្ត។

ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាមនាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នា ទៅវិញទៅមក ចូលរួមចំណែក អភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងរីកចម្រើនឡើង ហើយជាពិសេស គឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមាន សេចក្តីព្យាយាម អត់ធ្មត់ និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានដាស់តឿនដល់ក្មួយៗយុវសិស្សសូមក្មួយៗ ត្រូវខិតខំសង្កេតសិក្សា ស្រាវជ្រាវតាមរយៈ នៃសកម្មភាពទាំងឡាយក្នុងដំណើរការនៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗ ត្រូវខិតខំកត់ត្រានូវ សកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការ ផ្សព្វផ្សាយ ពីលទ្ធផល ទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មាន សារៈសំខាន់ នៃកិច្ចការ ទាំងឡាយដែលក្មួយៗបាននិងកំពុងប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ រយៈពេល ៧ថ្ងៃ លើទឹកដីស្រុកជើងព្រៃនាពេលនេះផងដែរ ៕