អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya មានសេរីភាពវិញហើយ

0

រាជធានីភ្នំពេញ៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយលោក ហេង គីមហៀង ដែលគេស្គាល់ថា ជាស្វាមីរបស់អ្នកនាង Love Riya។

លោក ហេង គីមហៀង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានលើកលែង និងផ្ដល់សេរីភាពដល់ភរិយារបស់លោក។ ក្នុងសារដែលបានបង្ហោះលើហ្វេសប៊ុកនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ លោកបានសរសេរថា៖ «ខ្ញុំបាទសូមគោរពអរគុណប្រមុខថ្នាក់ដឹកនាំខ្លាំងណាស់ ម៉ាក់ផាយុមានសេរីភាពវិញហើយ»។

សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់លើ២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍» និង «ធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីអ្នកលក់ផលិតផលតាមអនឡាញរូបនេះ ប្រើប្រាស់ពាក្យសម្ដីលើបណ្ដាញសង្គម ដែលត្រូវបានអាជ្ញាធរវាយតម្លៃថា មានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់សាធារណជន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា–ថៃ និងការប្រើប្រាស់ផលិតផលថៃ។

សមត្ថកិច្ចក៏បានឲ្យដឹងថា ក្រោយការឃាត់ខ្លួនប្រមាណមួយសប្តាហ៍ ទើបបានដឹងថា អ្នកនាងមានផ្ទៃពោះ៕