កំពង់ធំ: ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានដែលមានសក្តានុពលទេសចរណ៍ អាជ្ញាធរស្រុកប្រាសាទសំបូរ បានបង្ហាញជំហរច្បាស់លាស់ចំពោះបញ្ហាការលែងសត្វពាហនៈ។ ការលើកឡើង របស់ ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយមន្ត្រីជំនាញនៃមន្ទីរព័ត៌មាន ខេត្ត
កំពង់ធំ កាលពីព្រឹកថ្ងៃទី 23 ខែ កុម្ភៈឆ្នាំ 2026 បន្ទាប់ពីអាជ្ញាធរបាន ចុះឃាត់គោជាច្រើនក្បាល ដែលលែងដើរពាសវាលពាសកាល ដើម្បីរក្សាទុក និងស្វែងរកម្ចាស់មកទទួលខុសត្រូវ។
ក្នុងបទសម្ភាសន៍នោះ លោកអភិបាលស្រុកបានបញ្ជាក់ថា វិធានការនេះ មិនមានគោលបំណងផ្តោតតែទៅលើការផាកពិន័យប៉ុណ្ណោះទេ ប៉ុន្តែជាសារ និងការណែនាំជាសាធារណៈទៅដល់ម្ចាស់សត្វគ្រប់រូប ឱ្យមានការយកចិត្តទុកដាក់ និងគ្រប់គ្រងសត្វរបស់ខ្លួនឱ្យបានល្អប្រសើរ។ លោកបានសង្កត់ធ្ងន់ថា ការចិញ្ចឹមសត្វត្រូវភ្ជាប់ជាមួយទំនួលខុសត្រូវ មិនអាចលែងឱ្យដើរបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឬបង្កគ្រោះថ្នាក់ចរាចរណ៍បានទេ។
អាជ្ញាធរចាត់វិធានការផាកពិន័យសម្រាប់លើកទី១ គិតតម្លៃ ៥ ម៉ឺនរៀលក្នុងមួយក្បាល ហើយប្រសិនបើមានការរំលោភបំពានជាលើកទី២ នឹងគុណទ្វេដងឡើង។ ទោះជាយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់ថា ចំណុចសំខាន់គឺការអប់រំណែនាំ និងការផ្លាស់ប្តូរឥរិយាបថឱ្យមានការទទួលខុសត្រូវខ្ពស់ជាងមុន។
ប្រជាពលរដ្ឋម្ចាស់គោ មួយចំនួនដែលអាជ្ញាធរឃាត់គោពួកគាត់ នៅឃុំប្រាសាទសំបូរ បានមានមតិលើកឡើង ទទួលនូវកំហុសព្រមទាំងបាន សម្ដែងការគាំទ្រ និងទទួលយកវិធានការនេះ។ ពួកគាត់យល់ឃើញថា វិធានការរឹងមាំរបស់អាជ្ញាធរ គឺជាការព្រមានមួយដើម្បីបង្កើនការប្រុងប្រយ័ត្ន និងបញ្ចៀសបញ្ហាដែលធ្លាប់កើតមាន ក៏ដូចជាការខូចខាតដំណាំ និងគ្រោះថ្នាក់ចរាចរណ៍កន្លងមក។
ចំណែកឯ ប្រធានក្រុមប្រឹក្សាឃុំសំបូរ ក៏បានបញ្ជាក់ថា ឃុំសំបូរ ជាតំបន់ស្ថិតជិត ប្រាសាទសំបូរព្រៃគុក ដែលជាតំបន់ទេសចរណ៍សំខាន់ ដូច្នេះការរក្សាសោភ័ណភាព និងសុវត្ថិភាពជាកត្តាចាំបាច់។ ការផ្សព្វផ្សាយ និងអនុវត្តវិធានការជាបន្តបន្ទាប់ បានធ្វើឱ្យបញ្ហាលែងសត្វពាហនៈមានការកាត់បន្ថយគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា វិធានការរបស់អាជ្ញាធរស្រុកប្រាសាទសំបូរ គឺជាការរួមបញ្ចូលគ្នារវាងការអនុវត្តច្បាប់ និងការអប់រំណែនាំ។ គោលដៅចម្បងគឺជំរុញឱ្យប្រជាពលរដ្ឋមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងសត្វពាហនៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ឱ្យកាន់តែប្រសើរឡើង៕






































