ក្រុមការងាររៀបចំសង្ក្រាន្តកំពង់ធំ រួមគិត រួមធ្វើ ដើម្បីសម្រេចគោលដៅរួម មានដំណើរការរលូន និងទទួលបានជោគជ័យ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ហ៊ីម លីម៉េង និងឯកឧត្តម លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានជុំរុញដល់ក្រុមការងាររៀបចំសង្ក្រាន្តកំពង់ធំ រួមគិត រួមធ្វើ ដើម្បីសម្រេចគោលដៅរួម មានដំណើរការរលូន និងទទួលបានជោគជ័យ តាមរយៈស្មារតីការងារជាក្រុម បង្កើតជាព្រឹត្តិការណ៍ដ៏អធិកអធម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បង្កើនបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តដោយក្តីរីករាយ។

ប្រសាសន៍នេះ ត្រូវបានឯកឧត្តម លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងាររៀបចំសង្ក្រាន្តកំពង់ធំ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។

ឯកឧត្តម ហ៊ីម លីម៉េង បន្តថា សង្ក្រាន្តកំពង់ធំ មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ ការរួបរួមសាមគ្គី និងការចូលរួមសហការរវាងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ យុវជន និងប្រជាពលរដ្ឋគ្រប់រូប។ ហើយការរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តកំពង់ធំ គឺជាលទ្ធផលនៃការរួមចំណែករបស់មនុស្សគ្រប់រូប ក្រោមទស្សនៈ «រួមគិត រួមធ្វើ សម្រេចគោលដៅរួម» ដែលបង្ហាញពីសាមគ្គីភាព កម្លាំងសហគមន៍ និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ ក្នុងនោះក្រុមការងារត្រូវអនុវត្តនូវតួនាទី និងភារកិច្ចច្បាស់លាស់ ដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍ ដើម្បីធានាថាកម្មវិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានភាពទាក់ទាញ។ ស្មារតីការងារជាក្រុម ការគាំទ្រគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួម គឺជាចំណុចស្នូលក្នុងការសម្រេចភាពជោគជ័យ។

ដើម្បីអនុវត្តគោលដៅរៀបចំការងារសង្ក្រាន្តកំពង់ធំនេះទទួលបានជោគជ័យ ឯកឧត្តម ហ៊ីម លីម៉េង បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចជា៖
១. ផ្នែករៀបចំទីតាំង និងសម្អាតបរិស្ថាន
២. ផ្នែកកម្មវិធីសិល្បៈ និងល្បែងប្រជាប្រិយ
៣. ផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់
៤. ផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ

សូមជម្រាបផងដែរថា សង្ក្រាន្តកំពង់ធំឆ្នាំនេះ រដ្ឋបាលខេត្ត នឹងរៀបចំនៅបរិវេណសួនស្ទឹងសែន នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕