ពិធីសម្ភោធអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប

0

សៀមរាប: អគារមជ្ឈមណ្ឌលបេះដូង និងបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ក្នុងទំហំទឹកប្រាក់ ២លាន៤៣៧ពាន់៤៨៦ដុល្លាអាមេរិក ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ មជ្ឈមណ្ឌលបេះដូងខេត្ត សៀមរាប នឹង ផ្ដល់ជំនឿទុកចិត្តដល់អ្នកជម្ងឺ ជាមួយនិងការបំពាក់គ្រឿងបរិក្ខារបច្ចេកទេសទំនើប រួមនិងក្រុមគ្រូពេទ្យជំនាញទៀតផង ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧតក្តមសាស្រ្តាចារ្យបានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខា ភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត រួមមាន៖ ១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ, ២) ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជម្ងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។ ៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ៖ ត្រូវខិតខំថែទាំងអគារ អនាម័យឲ្យបានល្អ ,៤) ការពង្រីកវិសាលភាពមូលនិធិសមធម៌ និង៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលត្រឹមត្រូវ និងមានសុពលភាព។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានគូសបញ្ជាក់ថា ការបង្កើតឲ្យមានសេវាសង្គ្រោះ និង ព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
បន្ទាប់ពីចំណាប់អារម្មណ៍របស់ លោក TAI M.Z. BENJAMIN ប្រធានតំបន់អាស៊ីរបស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានលើកឡើងថា សមាគមបានយកចិត្តទុកដាក់ និងគាំទ្រដល់គម្រោងសាងសង់នេះ ដែលមានតម្លៃឥតគណនាដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្សរាប់រយពាន់នាក់នាពេលអនាគតនេះ។ មជ្ឈមណ្ឌលបេះដូងនេះ ការសាងសង់អគារ និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ។
តាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានការគាំទ្រពីគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ជាលទ្ធផលដ៏គាប់ប្រសើរមន្ទីរពេទ្យបានទទួលនូវជំនួយដ៏ថ្លៃថ្លាពី សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងទំហំទឹកប្រាក់ ២លាន៤៣៧ពាន់៤៨៦ដុល្លាអាមេរិក ដើម្បីសាងសង់អគារមជ្ឈមណ្ឌលបេះដូង និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ។ ម៉្យាងទៀតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានផ្តល់សេវាដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត នៃទិសឧត្តរ សំខាន់បម្រើដល់ភ្ញៀវទេសចរណ៍បរទេសផងដែរ ៕