កំពង់ធំ: នៅពេលព្រឹកព្រលឹមតាមបណ្តោយផ្លូវឆ្ពោះទៅកាន់តំបន់បេតិកភណ្ឌ សំបូរព្រៃគុក យើងបានសង្កេតឃើញទិដ្ឋភាពផ្លូវភាគច្រើនស្អាត មានធុងសំរាមដាក់តាមចំណុចសាធារណៈ។
ទោះជាយ៉ាងណា នៅតំបន់ខ្លះៗ ក៏នៅតែមានសំបក ដបទឹកសុទ្ធ ប្លាស្ទិក និងសំបកអាហារចោលតាមដងផ្លូវ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ុន សុខន មានវ័យចំណាស់ដែលរស់នៅ ឃុំសំបូរតាមបណ្តោយផ្លូវនេះ បានប្រាប់ថា បញ្ហាដែលគាត់ជួបប្រទះញឹកញាប់នៅមុខផ្ទះរបស់គាត់ គឺសំរាមត្រូវបាន គេបោះចោលពីលើរថយន្ត និងម៉ូតូ ខណៈកំពុងធ្វើដំណើរ ភាគច្រើនពេលយប់។
ដូច្នេះអ្នកស្រីសូមសំណូមពរ បងប្អូនដែលធ្វើដំណើរតាមឡាន តាមម៉ូតូ… សូមមេត្តាកុំបោះដបទឹកសុទ្ធ ឬកាកសំណល់តាមបង្អួចមកលើផ្លូវអី។ បើឃើញធុងសំរាមនៅតាមមុខផ្ទះ ឬតាមផ្លូវ សូមឈប់ឡានបន្តិច យកទៅដាក់ក្នុងធុងទៅ ដើម្បីជួយឱ្យស្រុកយើងស្អាតទាំងអស់គ្នា។
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនិងការលើកកម្ពស់សោភ័ណ្ឌភាពក្នុងមូលដ្ឋាន លោក ឃីម សុខឃាង អភិបាល អភិបាលស្រុក បាន បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៥កន្លងទៅ អាជ្ញាធរស្រុកបានដាក់ចេញនូវយន្តការ ដើម្បីបរិស្ថានស្អាតសហគមន៍ស្អាត។
ក្នុងនោះរដ្ឋបាលស្រុក កំណត់គោលដៅឱ្យគ្រប់ឃុំទាំងអស់ ត្រូវផលិតធុងសំរាមឱ្យបានយ៉ាងតិច ៣០ ធុងក្នុងមួយឆ្នាំ ដើម្បីដាក់ពង្រាយជាហូរហែ ចាប់ពីព្រំប្រទល់ស្រុកកំពង់ស្វាយ រហូតដល់តំបន់រមណីយដ្ឋាន។ រហូតមកដល់ដើមឆ្នាំ២០២៦ នេះ យើងអាចវាយតម្លៃ សម្រេចបានលទ្ធផលពី 70 ទៅ 80%នៃគោលដៅដែលបានកំណត់។
ជាមួយគ្នានេះយើងមិនត្រឹមតែដាក់ធុងសំរាមទេ យើងមានទាំងយន្តការដឹកជញ្ជូនសំរាមដោយរឺម៉ក យកទៅចោលនៅទីលានអាងសំរាម ដែលបានកំណត់នៅឆ្ងាយពីភូមិសាស្ត្រ រដ្ឋបាលស្រុកនិងការផ្សព្វផ្សាយអប់រំណែនាំ តាមសាលារៀននិងសហគមន៍ទៀតផង។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ភាពស្អាតនៃសហគមន៍ មិនមែនជាបន្ទុកតែរបស់អាជ្ញាធរឬប្រជាពលរដ្ឋនោះទេ គឺការរួមគ្នាជាធ្លុងមួយ រវាងអ្នករស់នៅផ្ទាល់ និងអ្នកធ្វើដំណើរឆ្លងកាត់ គឺជាកត្តាដ៏សំខាន់ នៃស្មារតីយើងទាំងអស់គ្នាយកចិត្តទុកដាក់ធ្វើឱ្យ«បរិស្ថានស្អាត សហគមន៍ស្អាត» យូរអង្វែង។
ចុងក្រោយលោកអភិបាលស្រុកបានចាត់ទុក ការចូលរួមរបស់បងប្អូន ទោះជាការដាក់សំរាមក្នុងធុងត្រឹមតែ សំបកដបទឹកសុទ្ធមួយ ក៏ជាចំណែកដ៏ធំធេងក្នុងការរក្សាសម្រស់បេតិកភណ្ឌពិភពលោកសំបូរព្រៃគុក និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទសំបូរ និងសហគមន៍ដទៃទៀតផងដែរ៕






































