គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ៧ ធ្វើឲ្យមនុស្ស ២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួស នៅខេត្តក្រចេះ

0

ខេត្តក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងនៅលើផ្លូវជាតិលេខ៧ រវាងរថយ្តពីរគ្រឿងបុកគ្នាពេញទំហ៊ឹង នាវេលាម៉ោង ០៥:០០ នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលបង្កឡើងដោយការបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះបានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១៨-៤១៩ ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរ ស្រុកអូរគ្រៀងសែនជ័យ។ រថយន្តបង្កម៉ាក Ford Ranger Raptor ពណ៌ស ពាក់ស្លាកលេខ កម្ពុជា DEY.7878 បើកបរដោយបុរសឈ្មោះ ដាំ ពិទូ អាយុ ៣១ឆ្នាំ មានទីលំនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។

របាយការណ៍ដដែលបានឲ្យដឹងថាទៀតថា នៅពេលមកដល់ចំណុចផ្លូវកោងខ្លាំង រថយន្ត Ford បានរេចង្កូតទៅបុកពេញទំហឹងជាមួយរថយន្ត ស៊ាំយ៉ុង (SsangYong) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2912 ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។ គ្រោះថ្នាក់នេះបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយមានអ្នកស្លាប់ ០២ នាក់ (អ្នកបើកបររថយន្តទាំងសងខាង) ម្នាក់ឈ្មោះ ដាំ ពិទូ (អ្នកបើកបររថយន្ត Ford) និងម្នាក់ទៀតឈ្មោះ ងួន កេត អាយុ ២២ឆ្នាំ (អ្នកបើកបររថយន្តស៊ាំយ៉ុង) ក្នុងនោះក៏មានអ្នករងរបួស ០១ នាក់ផងដែរ ឈ្មោះ ជួន សុខនៅ ភេទប្រុស អាយុ ៣៧ឆ្នាំ (អ្នករួមដំណើរក្នុងរថយន្តស៊ាំយ៉ុង) រងរបួសស្រាល។

​          ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានចុះទៅដល់ទីតាំងដើម្បីសម្របសម្រួល និងវាស់វែង។ ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តទាំង ២ គ្រឿង ដែលរងការខូចខាតយ៉ាងដំណំ ត្រូវបានស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីបន្តនីតិវិធីតាមច្បាប់។

ជុំវិញមូលហេតុដែលបង្កឲ្យមានការគ្រោះថ្នាក់ រហូតបាត់បង់ជីវិតតៃកុងរថយន្តទាំងពីរនាក់នោះ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរក្នុង ល្បឿនលឿន និងមិនប្រុងប្រយ័ត្ននៅត្រង់ចំណុចផ្លូវកោង៕ដោយ៖ឡុង សំបូរ