លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភមន្ត្រីនគរបាល ដែលជួបការលំបាក

0

កំពង់ធំ÷ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចុះសាកសួរទុក្ខមន្ត្រីនគរបាល ដែលជួបទុក្ខលំបាក ស្ថិតនៅភូមិស្នោ ឃុំ ត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គឺលោកវរសេនីយ៍ត្រី  ហង្ស ប៊ុនជាន នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដែលរងគ្រោះ ក្នុងឧបទ្ទវហេតុ អគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង កាលពីវេលាម៉ោង១២ និង៣០នាទី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រមទាំងខូចខាតទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់ជាច្រើនទៀត មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ ចំពោះមន្ត្រីក្រោមឱវាទ នៅពេលដែលជួបការលំបាក ឬមានជំងឺឈឺថ្កាត់ ក្នុងនាមលោក ជាប្រធានអង្គភាព នៅពេលដែលទទួលដំណឹង មានមន្ត្រីក្រោមឱវាទ ជួបបញ្ហាប្រឈម ត្រូវតែដឹកនាំកងកម្លាំង ចុះសាកសួរសុខទុក្ខ ដល់លំនៅឋាន ដើម្បីឧបត្ថម្ភ គាំទ្រលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ពោលគឺមិនបោះបង់ចោលបងប្អូននាគ្រា ជួបទុក្ខលំបាកឡើយ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះបាត់បង់ទីជម្រក ទ្រព្យសម្បត្តិ ដ៏មានតម្លៃនានា ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យខាងលើនេះ ដូចពាក្យចាស់បានពោលថា÷ ស៊ូលិចទូកកណ្ដាលទន្លេ តែកុំអោយភ្លើងឆេះផ្ទះ តែបញ្ហាទាំង ២ នេះគ្មានគ្រួសារ
ណាប្រាថ្នាចង់ជួបឡើយ ដូច្នេះហើយក្នុងកិច្ចប្រជុំនានា លោក តែងតែណែនាំ ដល់មន្ត្រីជំនាញ ត្រូវតែបង្កើនការចុះអប់រំផ្សព្វផ្សាយ បង្ហាត់បង្រៀន អំពីរបៀប បង្ការ ពន្លត់អគ្គិភ័យ សង្រ្គោះ ដល់ប្រជាពលរដ្ឋ តាមគោលដៅនានា ដើម្បីបញ្ជ្រាបការយល់ដឹង និងមានប្រុងប្រយ័ត្ន ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរលោកស្នងការ និងលោកស្រី បានឧបត្ថម្ភ÷ ១-ថវិកាចំនួន ៤,៥០០,០០០រៀល ២-អង្ករ១០០ គីឡូក្រាម ៣-មីខ្លាឃ្មុំ០៥ កេស ៤-ទឹកបរិសុទ្ធ១០កេស ៥-ឃីតចំនួន១០ កញ្ចប់ ជូនលោក ហង្ស ប៊ុនជាន ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ  ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ តំណាងឱ្យលោក ហង្ស ប៊ុនជាន ព្រមទាំងមន្ត្រីក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី  ដែលបានឆ្លៀតឱកាសដ៏មមាញឹកពីការងារ ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៀត ដល់គ្រួសាររងគ្រោះ នាគ្រាតម្រូវការចាំបាច់ សម្រាប់ដោះស្រាយជីវភាពជាប្រចាំថ្ងៃ និងគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងទាំងអស់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យពុទ្ធាភិសេក បើកព្រះនេត្រព្រះពុទ្ធរូប និងបុណ្យផ្កាប្រាក់មហាសាមគ្គីនៅវត្ត មុន្នីរង្សី ហៅ វត្ដថ្មី ក្នុងភូមិ ស្នោ ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ៕