កំពង់ធំ÷ លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានភាពប្រាកដប្រជា និងប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ចីឯកជនដែលមានការប្រាក់ថ្លៃខ្ពស់កប់មេឃ លោកសាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជួបសំណោះសំណាលសួរសុខទុក្ខ ឧបត្ថម្ភស្បៀងជូន ពលរដ្ឋ
ដែលងាយរងហានិភ័យ ជនពិការចំនួន២០គ្រួសារ នៅក្នុងភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។
ជាមួយគ្នាលោកបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ និងកងកម្លាំងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានរាល់ម្ចាស់កម្ចីទាំងឡាយដែលមានការរំលោភបំពានកម្ចីមិនស្របឬខុសច្បាប់ទៅលើកូនបំណុល ត្រូវធ្វើការរាយការណ៍ធ្វើការអន្តរាគមន៍បានទាន់ពេលវេលា ចៀសវាងមានការប៉ះពាល់ដល់សេដ្ឋកិច្ចឬសុខុមាលភាពពលរដ្ឋនៅក្នុងមូលដ្ឋានពីកម្ចីការប្រាក់កប់មេឃ ដែលផ្ទុយពីច្បាប់ជាធរមាន ជាពិសេសកូនបំណុលត្រូវប្រើប្រាស់ថវិកាឬកម្ចីដែលទទួលបាន ឱ្យបានត្រឹមត្រូវតាមគោលដៅឬមានផែនការច្បាស់លាស់ ចៀសវាងនូវហានិភ័យណាមួយដែលនាំឱ្យខាតប្រយោជន៍ ឬកាន់តែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារថែមទៀត។
លោកបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរភូមិ/ឃុំ ត្រូវធ្វើការតាមដានសុខទុក្ខពលរដ្ឋ ហើយធ្វើការរាយការណ៍ឱ្យបានដូចភ្លៀងរលឹម និងស្នើសុំស្បៀង សម្ភារៈប្រើប្រាស់តាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងឆ្លើយតបឱ្យបានទាន់ពេលវេលាជាពិសេស គោលដៅអាទិភាពគ្រួសារងាយរងគ្រោះឬគ្រួសារពិការ គ្រួសារវីរៈកងទ័ព និងជនភៀសសឹកជាដើម ហើយមិនត្រូវធ្វើប្រហែសឬបណ្ដែតបណ្ដោយឱ្យគ្រួសារឬពលរដ្ឋណាម្នាក់ ដាច់ស្បៀងរហូតបាត់បង់ជីវិតដោយអាជ្ញាធរមូលដ្ឋានពុំបានដឹងឬពុំបានជួយសង្គ្រោះនោះឡើយ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ ឱ្យអស់ពីលទ្ធភាព ដូចជាការទៅទទួលសេវាព្យាបាលពីមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូ។សូមបញ្ជាក់ថា ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង២០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ ស្បៀងជាគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។






































