រដ្ឋបាលក្រុងសំរោង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចុះជួយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ (ភ្លើងព្រៃរាលឆេះផ្ទះ)

0

ឧត្តរមានជ័យ៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក ផុន ចាន់និល អភិបាលក្រុងសំរោង, លោកស្រី ហេង សុជាតិ អភិបាលរងក្រុង បានដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅប្រគល់ជូនគ្រួសារលោក តែ ពៅ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ។

ហេតុការណ៍ដ៏សែនសោកស្ដាយនេះ បណ្ដាលមកពីភ្លើងព្រៃបានរាលដាលឆេះផ្ទះដែលមានទំហំ ៦x៨ ម៉ែត្រ ស្ថិតនៅភូមិកូនគ្រៀល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើឱ្យគ្រួសារដែលមានសមាជិក ០៧ នាក់ ជួបការលំបាកខ្លាំងផ្នែកជម្រក និងស្បៀងអាហារ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ រួមមាន៖
អង្ករ ចំនួន ០២ ការុង (៥០ គីឡូក្រាម) មី ០១ កេស, ត្រីខ និងទឹកស៊ីអ៊ីវ ០១ យួរ សម្ភារៈប្រើប្រាស់៖ ភួយ ១, មុង ១, ក្រមា ១, សារុង ១, កន្ទេល ១, និងតង់ ០១ សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន។

ក្នុងឱកាសនោះ លោកស្រី ហេង សុជាតិ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការសោកស្ដាយជាពន់ពេកពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងក្រុង ព្រមទាំងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាស្មារតីរឹងមាំ និងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឱ្យបន្តតាមដាន និងជួយជ្រោមជ្រែងដល់គ្រួសាររងគ្រោះក្នុងការសង់ជម្រកឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរដូវប្រាំងនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងព្រៃ និងការប្រើប្រាស់ភ្លើងក្នុងផ្ទះ ដើម្បីជៀសវាងគ្រោះអគ្គិភ័យដែលបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត៕ដោយ៖ភ្នំដងរ៉ែក