អភិបាលស្រុកស្ទោង លើកទឹកចិត្តពលរដ្ឋដាំដើមត្នោតឱ្យបានច្រើនព្រោះជាដើមឈើតំណាងនិមិត្តរូបជាតិ និងជាចំណែកសម្រាប់បរិស្ថាន

0

កំពង់ធំ៖ ដើម្បីលើកកម្ពស់ការចូលរួមថែរក្សាបរិស្ថាន និងលើកស្ទួយការដាំដើមឈើក្នុងមូលដ្ឋាន លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង ឱ្យបន្តដាំដើមត្នោតឱ្យបានច្រើន ព្រោះដើមត្នោតជាដើមឈើ តំណាងនិមិត្តរូបជាតិ និងមានអត្ថប្រយោជន៍ច្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការី ចុះចូលរួមដាំដើមត្នោតប្រមាណ២,០០០ដើម នៅភូមិប្រកៀប (ទំនប់ពាម) ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន យុវជន ក្រុមការងារ និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងបរិយាកាសសាមគ្គីភាព និងសប្បាយរីករាយ។

ក្នុងពិធីដាំដើមឈើនោះ លោក សាយ គឹមឡម បានបញ្ជាក់ថាការដាំដើមត្នោតមិនត្រឹមតែជាការរួមចំណែកក្នុងការកែសម្រួលបរិស្ថាន និងបង្កើនភាពស្រស់ស្អាតក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាទុកនូវអត្តសញ្ញាណជាតិ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។ លោកបានឱ្យដឹងថា ត្នោតជាដើមឈើមានភាពធន់នឹងអាកាសធាតុ អាចរីកលូតលាស់បានល្អ និងអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជាទឹកត្នោត ស្ករត្នោត និងផលិតផលផ្សេងៗជាច្រើន ចាប់តាំងពីឬសរហូតដល់ចុងស្លឹក។

ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាថែរក្សា ការពារ និងដាំបន្ថែម ដើមត្នោតឱ្យបានច្រើនជាបន្តបន្ទាប់ ដើម្បីទុកជាមូលធនធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ និងជួយឱ្យមូលដ្ឋានកាន់តែស្រស់ស្អាត មានខ្យល់អាកាសល្អ និងមានសុវត្ថិភាពបរិស្ថានយូរអង្វែង ចូលរួមថែរក្សាការពារនិងថែទាំដើមត្នោតដែលបានដាំនៅក្នុងឱកាសនេះឱ្យបានលូតលាស់ល្អជាកេរដំណែលរួមរបស់យើងទាំងអស់គ្នា។

ជាទីបញ្ចប់សកម្មភាពដាំដើមត្នោតប្រមាណ២,០០០ដើម នៅទំនប់ពាមនេះ ត្រូវបានចាត់ទុកថា ជាចំណែកដ៏មានន័យ ក្នុងការជំរុញការចូលរួមរបស់សហគមន៍ និងលើកស្ទួយវប្បធម៌ការដាំដើមឈើជាតិ ឱ្យក្លាយជាផ្នែកមួយនៃទម្លាប់ល្អនៅក្នុងស្រុកស្ទោង។

សូមបញ្ជាក់ថាការដាំដើមត្នោតនៅក្នុងឱកាសនេះមានចំនួន២.០០០ដើម ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្ទោង និងសហការីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋនៅក្នុងឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងឃុំម្សាក្រផងដែរ៕