សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតី សន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុម
ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីវាយតម្លៃ លទ្ធផលការងារដែលបានអនុវត្តកន្លងមកហើយបានសម្រេចជោគ ជ័យដ៏ធំធេងនៅក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និង ផែនការសកម្មភាព សម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៦ ដើម្បីបន្តជម្រុញការអភិវឌ្ឍនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅចុងសប្តាហ៍ព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៦។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថាផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តរៀបចំយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមទាំងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យមានសកម្មផុលផុសតាមមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្នុងឆ្នាំ២០២៥ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មកពីមន្ត្រីថ្នាក់ជាតិ មន្ត្រីថ្នាក់ខេត្ត មន្ត្រីថា្នក់ក្រុង ស្រុក និងមន្ត្រីថ្នាក់ឃុំ សង្កាត់ មានចំនួនសរុប ១ពាន់៦២៨នាក់ ។ ឯកឧត្តម ប្រាក់ សោភ័ណ បន្ថែមថាសមាជិក សមាជិកា ក្រុមការងារទាំងអស់ នៃក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និង សម្ភារៈក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដោះស្រាយបញ្ហាលំបាក សំណូមពរ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ គុណភាព តម្លាភាព ប្រសិទ្ធភាព ពិសេសការឧបត្ថម្ភផ្សេងៗ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ។
មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ និង បញ្ហាប្រឈម របស់ប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនពាក់ព័ន្ធនឹងសេវាសាធារណៈ ទំនាស់ដីធ្លី និង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កបានបញ្ជាក់ថា ការកសាងសមិទ្ធផលនិងការងារមនុស្សធម៌ ក្រុមការងារបានប្រើប្រាស់ធនធានដែលកៀរគរបាន ដើម្បីជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាផ្នែកមួយនៃការវិនិយោគលើមូលធនមនុស្ស និងសុខុមាលភាពសង្គម ។ ចំពោះការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការកាត់បន្ថយបទល្មើសគ្រឿងញៀន និង ការរៀបចំ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ។
ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងគោលការណ៍ ៨ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅអនុវត្ត និង បានណែនាំដល់ក្រុមការងារពាក់ព័ន្ធឲ្យបន្តពង្រឹងការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈឲ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋសំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និង ភាពសមស្របជូនពួកគាត់ ។ ឯកឧត្តមក៏បានជម្រុញដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើការបង្ក្រាបឲ្យខាងតែបាន បទល្មើសគ្រឿងញៀន ,ហ្គេមអនឡាញ កុំឲ្យកើតមាន នៅក្នុងក្រុងទេសចរណ៍មួយនេះ និង បង្កើតឲ្យមានតំបន់កសិទេសចរណ៍ នៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ដើមី្ប បង្កើនចំណូលជូនដល់ប្រជាពករដ្ឋក្នុងមូលដ្ឋាន ព្រមទាំងធ្វើការជ្រើសរើសទីតាំងបង្កើតផ្សារបោះដុំ ដែលជាទីប្រមូលផ្តុំកសិផលរបស់បងប្អូនកសិករដែលផលិតបាន នៅតាមមូលដ្ឋានខ្លួន ។ ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក រៀបចំធ្វើ សង្ក្រាន្តឆ្នាំថ្មី ប្រពៃណីខ្មែរទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយក៏មិនបានប៉ះពាល់ដល់បញ្ហាការងារព្រំដែនផងដែរ ។ ម៉្យាងទៀត រដ្ឋបាលខេត្ត ក្រុង ស្រុក ក៏ត្រូវធ្វើការរៀបចំបុណ្យភូមិ ជូនដល់បងប្អូនជនភៀសសឹកផងដែរ ៕






































