ខេត្តសៀមរាប៖ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ឯកឧត្ដម ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជាសម្ភារអនាម័យ ជូនដល់គ្រួសារភៀសសឹកដែល
កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តប្រាសាទបទុមមោង ស្រុកស្រីស្នំ សរុបចំនួន ២៧៨គ្រួសារ និងនាំយកអំណោយមនុស្សធម៌ជាសម្ភារសម្អាតបង្គន់អនាម័យ និងសម្ភារសម្រាប់ប្រមូលកាកសំណល់រឹង សរុបចំនួន ២០ឃីត ជូនដល់មណ្ឌលភៀសសឹកដែលស្ថិតនៅក្នុងស្រុកចំនួន ៥ រួមមាន៖ ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកអង្គរជុំ និងស្រុកស្វាយលើ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានោះ ឯកឧត្ដម ក្រុស សារ៉ាត់ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោកថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្ដមក៏បានបន្ថែមទៀតថា ចំពោះបងប្អូនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកនេះ ជាអ្នកដែលមានផ្ទះស្ថិតនៅតំបន់ក្រហម ទើបមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដូច្នេះអ្វីដែលសំខាន់នោះគឺ សុខភាពអនាម័យ ស្បៀងអាហារ និងសុខភាពបរិស្ថាន។ ឯកឧត្ដមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ឱ្យខ្ពស់ចំពោះសុខភាពអនាម័យ អនាម័យខ្លួនប្រាណ ការហូបស្អាត រស់នៅស្អាត និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។ ជាចុងក្រោយឯកឧត្ដម សូមកោតសរសើ និងថ្លែងអំណគុណចំពោះ អាជ្ញាធរមូលដ្ឋានទាំងអស់ ក្នុងការជួយសម្របសម្រួល យកចិត្តទុក្ខដាក់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទាំងអស់នេះ។
អំណោយមនុស្សធម៌ដែលបានជូនគ្រួសារភៀសសឹកទាំង ២៧៨ គ្រួសារ រួមមាន៖ សាប៊ូម្សៅ, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, ឡាមកោពុកមាត់, កន្សែងជូតមុខ, សំឡីអនាម័យ និងក្រដាសបន្ទប់ទឹក។
-សម្ភារសម្អាតបង្គន់អនាម័យ និងសម្ភារប្រមូលកាកសំណល់រឹង ក្នុងមួយឃីតរួមមាន៖ ស្រោមដៃជ័រ, ម៉ាស់, ស្បែកជើងជ័រកវែង, ច្រាសដុសបង្គន់, សាប៊ូលាងដៃ, សាប៊ូសម្អាតបង្គន់, ធុងទឹក៥លីត្រ, កន្សែងជូតដៃ, ធុងសំរាមបន្ទប់ទឹក, សាប៊ូ, ប៉ែល, កូនរនាស់, ថង់ដាក់សំរាម និងរទេះអូសសំរាម។ សូមបញ្ជាក់ថាអំណោយទាំងនេះទទួលបានការឧបត្ថម្ភពី ICRC ដែលផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប៕






































