សៀមរាបៈ៖ ដើម្បីជាការផ្ដល់នូវស្នាមញញឹម និងក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ និងគ្មានទីពឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារចុះមូលដ្ឋានឃុំខ្នារសណ្ដាយ ដឹកនាំដោយ ឯកឧត្តម ហេង ធូ ប្រធាន ក្រុមការងារ បានសាងសងផ្ទះមួយខ្នង ជញ្ជាំង និងដំបូលស័ង្កសី ប្រគល់ជូនដល់លោកយាយ
ថ្លាង ប៉ាន់ មានអាយុ ៧៦ឆ្នាំ ដែលជាស្ត្រីចាស់ជរា មានជីវភាពខ្វះខាតកំពុងរស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តម ហេង ធូ បានលើកទឹកចិត្តដល់លោកយាយ ថ្លាង ប៉ាន់ សូមបន្តថែរក្សាសុខភាព ព្រោះទោះយ៉ាងណាក៏មានអាជ្ញាធរចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ភូមិ ជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះ ជានិច្ចកាលក្រុមការងារចុះមូលដ្ឋាន តែងតែចូលរួមជួយឧបត្ថម្ភ និងគាំទ្រលើតម្រូវការនានា ក្នុងន័យចូលរួមជួយបងប្អូនកាត់បន្ថយការខ្វះខាត ជំរុញការលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ ។
ឯកឧត្តមមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការជួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ។ កម្មវិធីនេះមានគោលដៅសំខាន់ៗដូចជា ការលើកកម្ពស់ជីវភាព តាមរយៈការកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ប្រជាពលរដ្ឋ, ការបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើប្រជាជនដល់មូលដ្ឋាន និងធានាថាការអភិវឌ្ឍត្រូវទៅដល់ដៃអ្នកដែលត្រូវការបំផុត ប្រកបដោយគុណភាព និងគណនេយ្យភាព ។ ឯកឧត្តមមានប្រសាសន៍ទៀតថា ការផ្តល់ផ្ទះ និងជំនួយសង្គ្រោះនាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចុះមូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ និងជាសក្ខីភាពនៃសាមគ្គីភាពរវាងមន្ត្រីរាជការ និងប្រជាជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” ។ ជាក់ស្ដែង ក្រៅពីការប្រគល់ផ្ទះថ្មី ក្រុមការងារក៏បានឧបត្ថម្ភបន្ថែមនូវគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន រួមនឹងថវិកាមួយចំនួន សម្រាប់លោកយាយដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕






































