ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀនសូត្រអប់រំចិត្តសាស្ត្រ និងពង្រឹងតួនាទីភារកិច្ចរបស់យោធិន ស្របតាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ដែលកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រអប់រំចិត្តសាស្ត្រនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាន សេចក្ដីណែនាំលេខ ០០៣/២០២០ សណន របស់ក្រសួងការពារជាតិ ស្តីពី វិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន អំពីច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍សង្គ្រាម រវាងប្រទេសប៉ាគីស្ថាន និងអាហ្វកានីស្ថាន ។ ហើយថ្មីៗនេះ បានផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ហើយនិងការវាយប្រហារតបតវិញរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល និងបណ្ដាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ដែលបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងររៀងៗខ្លួន។ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍នេះ ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលភាគីកងទ័ពកម្ពុជាកំពុងអត់ធ្មត់គ្រប់យ៉ាង ក្នុងការគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីប្រកាសរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ។ តែភាគីម្ខាងទៀត នៅតែរំលោភបំពាន ដោយធ្វើសកម្មភាពរាយបន្លាលួស, ដាក់ទូកុងតឺន័រ, ជីកប្រព័ន្ធប្រឡាយ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាឯកតោភាគី រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវតែហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជនកម្ពុជា និងត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ និងបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយនឹងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ៕






































