អាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក

0

សៀមរាប: ដើមី្បអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និងការចង្អុលបង្ហាញដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងការបង្ក្រាបឲ្យខាងតែបាន នូវរាល់បទល្មើសដែលនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប ក្រោមការសម្របសម្រួលនីតិវិធី របស់លោក ង៉ិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍ អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និង ទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ជាបន្តបន្ទាប់ និង បានចាប់យកវត្ថុតាង រួមមាន ម៉ាស៊ីនចម្រុះម៉ាក ចំនួន ១០ពាន់១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤ពាន់២៦៨ដើម, ក្បាលជក់ចម្រុះ ចំនួន ៥ពាន់៩០០ក្បាល ព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាអ្នកលក់ និង ម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និង ស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជា និង ហាមឃាត់ដាច់ខាតមិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់កាន់កាប់ ផលិត និង ស្តុកទុកឡើយ ។ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និង ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាព និង អនាគត របស់យុវវ័យទាំងពីរភេទ ដែលកំពុងសិក្សារៀនសូត្រ ។ យើងគ្រប់គ្នា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវឆ្លើយថាទេចំពោះគ្រឿនញៀន ៕