ក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងស្ថាបនាផ្លូវបេតុងអាមេ ជំហានទី២ (១០០%) ប្រវែង ៨០០ ម៉ែត្រ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

0

(ឧត្តរមានជ័យ)៖ ការពង្រឹងគុណភាពសំណង់ និងការប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឱ្យចំគោលដៅ គឺជាអាទិភាពនៃការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលក្រុង និងខេត្ត បានចុះពិនិត្យសមិទ្ធផលថ្មីនៅក្នុងសង្កាត់បន្សាយរាក់។

ការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ ដឹកនាំដោយ លោក លួស រិទ្ធ អនុប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ សហការជាមួយមន្ត្រីបច្ចេកទេសខេត្ត និងអាជ្ញាធរសង្កាត់បន្សាយរាក់ ទៅលើគម្រោង៖ស្ថាបនាផ្លូវបេតុងអាមេ ជំហានទី២ (ប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ឆ្នាំ២០២៥) មានប្រវែងសរុប ៨០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ រួមទាំងការបំពាក់ស្លាកសញ្ញាគម្រោងចំនួន ០២ កន្លែង ស្ថិតក្នុងភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់។

បន្ទាប់ពីការពិនិត្យវាស់វែង និងវាយតម្លៃយ៉ាងម៉ឺងម៉ាត់ពីមន្ត្រីជំនាញបច្ចេកទេស និងក្រុមប្រឹក្សាសង្កាត់ គម្រោងនេះសម្រេចបានលទ្ធផល ១០០% ប្រកបដោយគុណភាព និងត្រូវបានឯកភាពទទួលយកជាផ្លូវការ។ តាមរយៈសមិទ្ធផលផ្លូវបេតុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់សោភ័ណភាពភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់បន្សាយរាក់ ឱ្យកាន់តែមានភាពងាយស្រួល និងរីកចម្រើនជាងមុន៕ដោយ៖ភ្នំដងរ៉ែក