លោកអភិបាលស្រុកតាំងគោកជួបសំណេះសំណាលជាមួយសិស្សជាងមួយពាន់នាក់នៃវិទ្យាល័យទ្រៀល និងណែនាំឱ្យខិតខំរៀនសូត្រចៀសឱ្យឆ្ងាយពីគ្រឿងញៀន

0

កំពង់ធំ៖ លោក ហាក់ ម៉ុង អភិបាលស្រុកតាំងគោក នាព្រឹកដើមសប្តាហ៍ ថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យទ្រៀល ក្នុងស្រុកតាំងគោក ដើម្បីចូលរួមផ្សព្វផ្សាយ និងអប់រំដល់សិក្សានុសិស្ស ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងបារីអេឡិចត្រូនិចផ្សេង ជាពិសេសកុំតាំងខ្លួនជាក្មេងទំនើងដែលនាំឱ្យសង្គមស្អប់ខ្ពើម និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតកាន់តែប្រសើរឡើង។

នៅក្នុងជំនួបជាមួយសិស្សានុសិស្សនៃវិទ្យាល័យទ្រៀលនេះ ក៏មានការចូលរួមពី កងកម្លាំង អាជ្ញាធរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង១ពាន់នាក់ផងដែរ។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានបញ្ជាក់ទៅកាន់សិស្សានុសិស្សដែរថា ដើម្បីអនាគតក្មួយៗបានល្អប្រសើរត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីទទួលបានចំណេះដឹង និងមានបំណិនជីវិតក្នុងការរស់នៅឱ្យបានល្អប្រសើរ ​និងក្លាយជាមូលធនមនុស្សដែលសង្គមត្រូវការ នាពេលអនាគតផងដែ។ ត្រូវគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់ ក្មេងទំនើង ដែលសង្គមស្អប់ខ្ពើម។

លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុវត្ថិភាពម្ហូបអាហារប្រចាំថ្ងៃ និងចូលរួមទាំងអស់គ្នា គោរពច្បាប់ចររាចរណ៍ក្នុងការធ្វើដំណើរ បើបើកឡានត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកម៉ូតូ ត្រូវមានកញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងអ្នកបើកបើរ និងអ្នករួមដំណើរជាមួយ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដ៏ទៃ។ រួមគ្នាស្វែងយល់បន្ថែមទៀតពីច្បាប់ចររាចរណ៍ ពេលបើកបរត្រូវមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង និងអ្នកដទៃផងដែរ។

ជាមួយគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏បានផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីសភាពការណ៍នៅតាមព្រំដែន កម្ពុជា និងថៃ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទប់ស្កាត់សង្គ្រាមនៅតាមព្រំដែន និងបានបន្តស្វះស្វែងរកច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗ ក៏ដូចជាយន្តការអន្តរជាតិថ្មីៗបន្ថែមទៀត បន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តារឡើងវិញនូវស្ថិរភាព សន្តិភាពក្នុងតំបន់ជាច្រើនដែលមានជម្លោះ ឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជាថៃផងដែរ។

លោក ក៏បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ រួបរួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេរ និងរឹងមា ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកុំជឿលើការសម្តីញុះញង់របស់ជនអតិមួយចំនួនតូច ដែលអាចឈានដល់ការបែកបាក់នៅក្នុងស្រទាប់យុវជនផងដែរ។

ជាមួយគ្នានោះ លោកអភិបាលស្រុកតាំងគោក ក៏បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយ ក៏ដូចជាជួយរំលឹកជាប្រចាំដល់សិស្សានុសិស្សទាំងអស់ ត្រូវទទួលទានអាហារណាប្រកបដោយសុវត្ថិភាព ចៀសឆ្ងាយពីក្រុមក្មេងទំនើង បងតូច បងធំក្នុងសាលា និងចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិចផ្សេងៗ ដែលនាំឱ្យមានផលប៉ះពាល់ដល់អនាគតរបស់ខ្លួនផងដែរ៕