ឯកឧត្តមអភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក ដីតំបន់៣ នៃបឹងទន្លេសាប

0

(កំពង់ធំ)÷ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងដីតំបន់៣នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តភូមិគោកត្របែក ស្រុកតំាងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត មន្រ្ទីជុំវិញខេត្ត អភិបាលស្រុកតាំងគោក លោកមេឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នាឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន ក៏បានផ្តាំផ្ញេីការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទោះបងប្អូននៅតំបន់ដាច់ស្រយាលក៏មានមន្រ្តីចុះទៅដល់ ដើម្បីដឹងពីសុខទុក្ខនិងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពានលេីដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ និងប្រជានេសាទទាំងអស់សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឱ្យបានត្រឹមត្រូវចំពោះការនេសាទ និងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងសូមអនុវត្តទៅតាមការអប់រំណែរបស់មន្ត្រីជំនាញស្ដីពីជលផល។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើសនេសាទ នាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពុងធំ បានជំរុញដល់បងប្អូនប្រជាកសិករទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ កុំរុករៀនទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងមូលដ្ឋានពាក់ព័ន្ធនឹងការឈូសឆាយដីរដ្ឋនេះ សូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យជំនាញចុះទៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា។