ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”

0

(កំពង់ធំ)÷  លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ។

បន្ទាប់ពីលោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ អានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥  ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ក្នុងថ្ងៃដ៏មហោឡារឹក នៃពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៦ ដែលត្រូវបានប្រារព្វទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ ក្នុងនាមលោក ជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងឧត្តមភរិយា  ពិតជាមានក្តីសោមន្សរីករាយក្រៃលែង ដែលបានចូលរួមកម្មវិធីថ្ងៃដ៏វិសេសវិសាលនេះ ហើយលោកពិតជារំភើបដែលមានវត្តមានឧត្តមភរិយារបស់លោក រួមទាំងភរិយារបស់លោកស្នងការរង, ភរិយារបស់លោកអធិការ ដែលមានវត្តមាន នាពេលនេះ ។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា , ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនពរមន្រ្តីនគរបាលជាតិនារី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមមានសុខភាពល្អ មានសុភមង្គល
និងជោគជ័យគ្រប់ភារកិច្ច ។

លោកឧត្តមសេនីយ៍ទោស្នងការ បន្តថ្លែងថាស្ត្រី គឺបានរួមចំណែក នៃការអភិវឌ្ឍន៍ គ្រប់វិស័យ ដោយសារពួកគាត់បានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ ហើយចំពោះនគរបាលនារី មានតួនាទីសំខាន់ក្នុងការពារសិទ្ធិ និងធានាសុវត្ថិភាពសម្រាប់សង្គម រួមមាន៖ ១-ការពារសិទ្ធិស្រ្តី និងកុមារបំពេញតួនាទីជាជំនួយការអនុវត្តច្បាប់ក្នុងករណីពាក់ព័ន្ធ និងអំពើហិង្សាលើស្រ្តី និងកុមារ សម្របសម្រួលដំណោះស្រាយបញ្ហាដោយសារការចងសម្ព័ន្ធជាមួយអង្គការស៊ីវិល។ ២-ការចូលរួមក្នុងសហគមន៍បង្កើតសម្ព័ន្ធភាពល្អរវាងស្រ្តី និងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហាផ្សេងៗដូចជា ការរើសអើងយេនឌ័រ និងការធានាឲ្យស្រ្តីមានសិទ្ធិស្មើភាព៊ ៣-ស្ត្រីជាកម្លាំងជួរក្រោយ ក៏មានសកម្មភាពផុសផុល តាមរយៈបណ្តាញសង្គម យន្តការមនុស្សធម៌គ្រប់រូបភាពនាំគា្នកៀរគរ ដើម្បីរៀបចំស្បៀងអាហារ ថ្នាំសង្កូវ ទឹក សម្ភារៈប្រើប្រាស់ មធ្យោបាយ ថវិកា គ្រប់រូបភាពដែលអាចធ្វើទៅបាន ឧបត្តម្ភដល់សមរភូមិ រួមនឹងប្រជាពលរដ្ឋជនភៀសសឹក៊ ៤-មន្រ្តីនគរបាលនារី បំពេញភារកិច្ចផ្នែកសន្តិសុខសាធារណៈចូលរួមក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជារឿងដែលនារីអាចធ្វើបាន បុរសមិនអាចធ្វើបាន គឺឆែកឆេរត្រួតពិនិត្យជនសង្ស័យជាស្ត្រី ។

លោកស្នើសុំឱ្យនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំយើងទាំងអស់ ពិសេសបុរសៗ ចូលរួមគាំទ្រ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តីក្នុងវិស័យផ្សេងៗដោយប្រព្រឹត្តតាមវិធី ដូចខាងក្រោម៖ គោរពសិទ្ធិសមធម៌ បុរសត្រូវទទួលស្គាល់ និងគោរពសិទ្ធិរបស់ស្ត្រីដូចជាបុរស៊ ចូលរួមការពារ និងពង្រឹងសិទ្ធិរបស់ស្ត្រី ពេលដែលមានការបំពាន ឬការរើសអើង។ គាំទ្រការកាត់បន្ថយឥរិយាបថចំពោះការរើសអើងលើស្រ្តី និងធ្វើឱ្យស្ត្រីទទួលសិទ្ធិពេញលេញ។ គាំទ្រឱ្យនារីមានលទ្ធភាព និងឱកាសទទួលបានតួនាទី ក្នុងជួររដ្ឋដូចបុរសដែរ។ ស្រ្តីគ្រប់រូប ដែលបានបំពេញតួនាទីសំខាន់ក្នុងគ្រួសារ និងសង្គម សូមបងប្អូនបន្តកិច្ចការនេះ ដើម្បីជួយអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើន ហើយសូមឱ្យនារីទាំងអស់បន្តទទួលបានសិទ្ធិប្រកបដោយសេរីភាព និងសមធម៌ ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលយើង ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពអនុវត្តតួនាទីភារកិច្ចដើម្បីការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតពីការបោះឆ្នោត។ សូមជូនពរបងប្អូននារីទាំងអស់ឱ្យមានសុខភាពល្អ ជោគជ័យក្នុងការងារ និងជីវិតគ្រួសារ។ សូមឱ្យទិទិវានារីអន្តរជាតិលើកទី១១៥នេះ មានការផ្លាស់ប្តូរកាន់ប្រសើរឡើងសម្រាប់អនាគតរបស់ស្ត្រីទាំងអស់ ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោស្នងការ និងលោកស្រី បានឧបត្ថម្ភថវិកា ដល់មន្ត្រីនគរបាលនារី ចំនួន២៦០នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ៨០,០០០រៀល ដោយឡែកមន្រ្តីនគរបាលដែលមានផ្ទៃពោះចំនួន ១៣នាក់ ក្នុង១នាក់ ទទួលបានចំនួន៥០,០០០ រៀលបន្ថែមទៀត ផងដែរ។