អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភិវឌ្ឍកាយសម្បទា

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា​ វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកពេលវេលាពីការសិក្សាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លាញអនាគត​ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ គឺចាប់ពីថ្ងៃទី៦​ រហូតដល់ថ្ងៃទី១៩ ខែមីនានេះ​ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល(ប៉េតង់) និងអត្តពលកម្ម​ សរុបរួម ៧១ក្រុម​ ក្នុងនោះនារី ១៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ១៨៩នាក់ ស្រី ៨នាក់, កីឡាករចំនួន ៨៨៤នាក់ ស្រី ២៥១នាក់​ ៕