ខេត្តក្រចេះ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលគ្រោងនឹងប្រារព្ធឡើងនៅទឹកដីខេត្តក្រចេះ ត្រូវបានចាត់ទុកថា ជាវេទិកាដ៏មានសារៈសំខាន់បំផុត ក្នុងការបង្ហាញសក្តានុពលទេសចរណ៍តាមដងទន្លេ ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០ បានថ្លែង សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាខេត្តក្រចេះថា ព្រឹត្តិការណ៍ឆ្នាំនេះមិនត្រឹមតែជាការកម្សាន្ត ប៉ុណ្ណោះទេ ប៉ុន្តែ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តក្រចេះ ឱ្យកាន់តែរីកចម្រើន។
លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ នឹងធ្វើឡើងក្រោមប្រធានបទដ៏មានអត្ថន័យ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ មានគោលបំណង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ ,អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ,បង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹងកន្លែង ជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ,ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍ នៅក្នុងខេត្តក្រចេះ ,ពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន មានជាអាទិ៍ ការរៀបចំកែលម្អ និងតុបតែងសោភណ្ឌភាពក្រុង និងហេដ្ឋារចនាសម្ព័ន្ធខេត្តម្ចាស់ផ្ទះ។
ក្នុងជំនួបដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ១១៥រូប លោករដ្ឋមន្ត្រី បានណែនាំឱ្យអនុគណៈកម្មការនីមួយៗ និងលេខាធិការដ្ឋាន ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយបំផុត ដើម្បីធានាឱ្យមានភាពទាក់ទាញ និងមានសណ្តាប់ធ្នាប់ ត្រូវរៀបចំឲ្យមានស្តង់ពិព័រណ៍ខ្នាតធំ ទស្សនីយភាពសិល្បៈចម្រុះពណ៌ កម្មវិធីវប្បធម៌ សាសនា និងសកម្មភាពកីឡា ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានកម្រិតខ្ពស់បំផុតជូនដល់ភ្ញៀវមកកម្សាន្ត។
អង្គប្រជុំទាំងមូលបានបង្ហាញពីឆន្ទៈមោះមុត ក្នុងស្មារតីសាមគ្គីភាព ដើម្បីរុញច្រានឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់ ក្រោមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»៕ដោយ៖ឡុង សំបូរ










































