ខេត្តស្ទឹងត្រែងបង្ហាញមុខមាត់ថ្មី បានប្រកាសដាក់ឱ្យប្រើប្រាស់ Branding «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» ដើម្បីទាក់ទាញទេសចរណ៍កម្រិតអន្តរជាតិ

0

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ខេត្តស្ទឹងត្រែងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» អមជាមួយព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍យ៉ាងអធិកអធម មិនធ្លាប់មាននោះទេពីមុនមក។

ក្នុងពិធីដែលប្រារព្ធឡើងនាសៅរ៍ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ចុងសប្តាហ៍មុននេះ នៅទីលាននាគជ័យ (តេជោ-ធិបតី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មហាជនយ៉ាងច្រើនកុះករ សរុបជាង ១ម៉ឺននាក់ បានចូលរួមអបអរសាទរ ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្ទឹងត្រែង ២០២៦-២០៣០»។

ពិធីដែលប្រារព្ធឡើងនោះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដោយសហការជាមួយសមាគមស៊ីក្លូកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើងក្រោមបដាពាក្យស្លោក «ការផ្តល់ក្តីសង្ឃឹមដល់អ្នកធាក់ស៊ីក្លូកម្ពុជា»។ ដំណើរទស្សនកិច្ចរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់តំបន់ព្រំដែន(តំបន់ដីសើមទន្លេមេគង្គលើ) គឺជាផ្នែកមួយនៃការសម្ពោធដំណើរទេសចរណ៍ដោយស៊ីក្លូ រយៈពេល ៦ ថ្ងៃ ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា។ ដូច្នេះ ស្ទឹងត្រែង គឺជាខេត្តដំបូងគេ ដែលបានផ្ដួចផ្ដើមបង្កើតស្លាកសញ្ញាសម្គាល់ទេសចរណ៍ (Branding) ផ្ទាល់ខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា ភាពជោគជ័យពិតប្រាកដគឺការវាស់វែងលើ «ចំណូលមូលដ្ឋាន» និងការធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែប្រសើរឡើង តាមរយៈសេវាកម្មទេសចរណ៍ប្រកបដោយការច្នៃប្រឌិត។ លោកថា ការតភ្ជាប់រវាងរដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍ទេសចរណ៍ គឺជាគ្រឹះដ៏រឹងមាំក្នុងការរុញច្រានខេត្តស្ទឹងត្រែង ឱ្យក្លាយជាគោលដៅទេសចរណ៍ ដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ព្យុហយាត្រាចម្ងាយ ៣,៥ គីឡូម៉ែត្រនេះ ទិសស្លោកមួយត្រូវបានរំលេចថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលទិសស្លោកនេះ ត្រូវបានចាត់ទុកជាដង្ហើមសេដ្ឋកិច្ចមិនចេះរីងស្ងួត សម្រាប់តំបន់ភាគឦសាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ស្មារតីនៃការរួបរួមគ្នានេះ មិនត្រឹមតែបង្ហាញពីសក្តានុពលធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ឱ្យឃើញ ពីការត្រៀមខ្លួនរួចជាស្រេចរបស់ខេត្តស្ទឹងត្រែង ក្នុងការស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្រោមពាក្យស្លោកថ្មីដ៏មានអត្ថន័យថា «លើសពីទន្លេ លើសពីធម្មតា»។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់ចេញនូវគោលការណ៍អាទិភាពជាច្រើនចំណុច ដែលត្រូវបន្តធានាឲ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសោភណ្ឌភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់ពីទីក្រុងឆ្លាតវៃ ដែលមានលក្ខណៈប្រកួតប្រជែង ប្រកបដោយបច្ចេកទេស បរិស្ថាន និងបន្តចិរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យមានសុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវជាតិ អន្តរជាតិ។ ត្រូវបន្តពង្រឹងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍នាំទៅកាន់គោលដៅទេសចរ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន ព្រមទាំងជំរុញការបើកសេវាកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ។ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមដល់ចលនាប្រលងប្រណាំង និងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញ ដែលនឹងចូលរួមយ៉ាងសំខាន់ដល់ការប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចិរភាព និងបរិយាប័ន។ ត្រូវខិតខំបង្កើតវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេសនៃអត្តសញ្ញាណទីក្រុងនីមួយៗ ខិតខំពង្រឹងសណ្តាប់ធ្នាប់ សោភណ្ឌភាព អនាម័យ និងគុណភាពសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវ ស្របតាមស្តង់ដា នៅតាមទីក្រុង និងតាមទីប្រជុំជននានា ដែលត្រូវរៀបចំខ្សែក្រវាត់បៃតងទៅតាមទិសដៅទេសចរសំខាន់ៗ គាំទ្រដល់យុទ្ធនាការទេសចរណ៍ គឺជាការរួមចេញនៅនឹងកន្លែង ដើម្បីជាកម្លាំងសំខាន់ខ្ពស់លើវិស័យទេសចរណ៍…៕ដោយ៖ឡុង សំបូរ