ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «ស៊ីក្លូឆ្ពោះទៅភាគឦសាន» ដំណើរ ៣៦០ គីឡូម៉ែត្រ ដើម្បីដាស់ស្មារតីអភិរក្ស និងជម្រុញទេសចរណ៍ក្នុងស្រុក

0

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីស្នេហាជាតិ និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ខ្មែរ ព្រឹត្តិការណ៍ធាក់ស៊ីក្លូជាប្រវត្តិសាស្ត្រ ពីជំហានដំបូងនៅរាជធានីភ្នំពេញ ឆ្ពោះមកកាន់ទឹកដីខេត្តស្ទឹងត្រែង បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ផ្តើមចេញពីរង្វង់មូលវិមានឯករាជ្យ កាលពីព្រឹកព្រលឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្បួនស៊ីក្លូខ្មែរបានធ្វើដំណើរឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងចម្ងាយផ្លូវ ៣៦០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ ថ្ងៃនេះ មិនត្រឹមតែជាការសាកល្បងកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីភាពរឹងមាំនៃ “សមាគមស៊ីក្លូកម្ពុជា” ក្នុងបេសកកម្មអភិរក្សមធ្យោបាយធ្វើដំណើរ ដែលជាមរតកវប្បធម៌តាំងពីសម័យមុន។

“សមាគមស៊ីក្លូកម្ពុជា” ចំនួន ១០គ្រឿង បានមកជួបជុំគ្នានៅទឹកដីមរកត នៃទន្លេមេគង្គ នៅថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ក្បួនស៊ីក្លូបានមកដល់ទឹកដីខេត្តស្ទឹងត្រែង ដោយសុវត្ថិភាព។ យោងតាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ នឹងមានការជួបជុំទ្រង់ទ្រាយធំមួយនៅ “ទីលាននាគជ័យ (តេជោ-ធិបតី)” មុខសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង តំណាងក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដ៏ច្រើនកុះករ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់តំបន់ទេសចរណ៍សក្តានុពលនានាក្នុងខេត្ត ។

ព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងក្រោមប្រធានបទ “ ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា និងព្យុះហយាត្រា បង្ហាញសម្រស់ក្រុងស្ទឹងត្រែង “ជាដំណើរ៣៥០០ម៉ែត្រ ដើម្បីអបរអរទិវាទីក្រុងស្អាត លើកទី១៤ ឆ្នាំ២០២៦ និងដំណើរទស្សនាទេសចរណ៍ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ជំរុញចលនាទេសចរក្នុងស្រុក ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ផ្តើមចេញពីថ្នាក់ដឹកនាំ មន្រ្តីរាជការទៅកាន់តំបន់ទេសភាព ព្រៃលិចទឹក កោះទន្សាយ តំបន់ដីសើមទន្លេមេគង្គលើ តំបន់រ៉ាមសារ (សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ)​ ដើម្បីស្វែងយល់ពីជីវភាព និងធម្មជាតិពិតៗ ការបោះតង់នៅលើកោះទន្សាយ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយធម្មជាតិ និងជំរុញចលនាទេសចរណ៍បៃតង ស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” និងការផ្តល់តម្លៃដល់អ្នកធាក់ស៊ីក្លូ។

ទិដ្ឋភាពដ៏គួរឱ្យរំភើបបំផុតក្នុងព្រឹត្តិការណ៍នេះ គឺការឃើញសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឈរទទួលក្បួនស៊ីក្លូយ៉ាងត្រៀបត្រា ព្រមទាំងការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាជាហូរហែ។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ស្មារតីសាមគ្គីភាពជាតិនៅតែរឹងមាំ និងការគាំទ្រព្រឹត្តិការណ៍នេះ គឺជាការបង្កើតការងារផ្ទាល់ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ និងជាការរួមចំណែកមិនឱ្យ “ស៊ីក្លូខ្មែរ” រលាយបាត់ពីអត្តសញ្ញាណជាតិឡើយ។

​          “ការធ្វើដំណើរនេះ បានបង្ហាញថា មិនមែនគ្រាន់តែដើម្បីមកដល់គោលដៅនោះទេ  ប៉ុន្តែ វាគឺជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ភាគឦសាន និងជាការដាស់តឿនឱ្យកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាមរតកដែលបន្សល់ទុកពីដូនតា។”

ព្រឹត្តិការណ៍នេះបានក្លាយជាគំរូដ៏ល្អមួយក្នុងការបញ្ចូលគ្នារវាង “ការអភិរក្ស” និង “ការអភិវឌ្ឍទេសចរណ៍” ដែលឆ្លុះបញ្ចាំងពីមុខមាត់កម្ពុជាដ៏មានភាពទាក់ទាញ និងពោរពេញដោយក្តីស្រឡាញ់៕ដោយ៖ឡុង សំបូរ