(កំពង់ធំ)÷ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបញ្ចុះបឋមសីលា នៅវត្តជុំមុនីរតនារាម ហៅវត្តច្រម៉ាស់ ស្ថិតក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពិធីនេះ
ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទយ៉ាងកុះករ។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក ឃីម សុខឃាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្ត ដែលបានខិតខំកៀរគរសប្បុរសជន និងពុទ្ធបរិស័ទ ដើម្បីកសាងសមិទ្ធផលនានា តាំងពីវត្តមិនទាន់មានអ្វីសោះ រហូតលេចចេញជា សាលាឆាន់ កុដិ ក្លោងទ្វារ របង និងផ្លូវបេតុងនាពេលនេះនេះជាសក្ខីភាពបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យពុទ្ធសាសនា ដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ។
លោកពិបាលស្រុក បានលើកបង្ហាញពីសមិទ្ធផលរីកស្គុះស្គាយក្នុងស្រុក រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងបណ្ណាល័យជាដើម ដែលជាសមិទ្ធផលក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកបានរំលឹកដល់យុវជនដែលគ្រប់អាយុបោះឆ្នោត ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈប្រើប្រាស់សិទ្ធិបោះឆ្នោតនាពេលខាងមុខ។ លោកបានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរួមគ្នាថែរក្សាវប្បធម៌ “រាំវង់លក់ផ្កា” ដែលជាអត្តសញ្ញាណដ៏ល្អក្នុងមូលដ្ឋាន និងបានផ្ដាំផ្ញើឱ្យបន្តអភិរក្សកេរ្តិ៍ដំណែលនេះតទៅទៀត។ ទន្ទឹមនឹងនេះ លោកបានអប់រំឱ្យបងប្អូនរស់នៅដោយប្រើធម៌ខន្តី អត់ធ្មត់ និងយោគយល់គ្នា ដើម្បីចៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារ និងសង្គម។
លោកអភិបាលស្រុកបានផ្ដល់អនុសាសន៍ ចំពោះក្មួយៗសិស្សានុសិស្សថា៖”មានតែការសិក្សាមួយគត់ ដែលអាចធ្វើឱ្យជីវភាពមានការផ្លាស់ប្ដូរ និងមានអនាគតភ្លឺស្វាង”។សូមលើកទឹកចិត្តឱ្យក្មួយៗខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍស្រុកប្រាសាទសំបូរ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចការឡើងថ្លៃនៃតម្លៃប្រេងសាំងគឺជាវិបត្តិសាកល ដែលប៉ះពាល់ដល់គ្រប់ប្រទេសលើពិភពលោក។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំសម្របសម្រួល និងធានាឱ្យមានប្រេងប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស មិនឱ្យមានការខ្វះខាត ប៉ះពាល់ដល់ការបង្កបង្កើនផលរបស់បងប្អូនកសិករឡើយ។
ជាកិច្ចបញ្ចប់ លោក ឃីម សុខឃាង បានប្រគេនពរដល់ព្រះសង្ឃ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍស្រុកប្រាសាទសំបូរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕






































