រៃឈើសហគមន៍អូរក្រញូង នៅឃុំ​មានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ ត្រូវបានរងការកាប់ទន្ទ្រានថ្មី​ ប្រមាណជាង៣ហិកតា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

0

ខេត្តកំពង់ធំ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីការកាប់ទន្ទ្រានព្រៃឈើនៅក្នុងព្រៃសហគមន៍អូរក្រញូង ស្ថិតនៅក្នុងភូមិ​ជាំ​ស្វាយ​ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការ​ពារ​ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ និងប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានទៅត្រួតពិនិត្យវាយតម្លៃ​ អំពីស្ថានភាពខូចខាតដោយកាប់ទន្ទ្រានព្រៃឈេីយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងចាត់វិធានការគ្រប់គ្រងការពារ ព្រមទាំងរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តវិធានការច្បាប់ ។

លោក ម៉ៅ ធា ប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានរាយការណ៍ថា ផ្ទៃដីសហគមន៍ព្រៃឈើអូរក្រញូង មានទំហំសរុបជាង ១,​៦០០​ហិកតា បច្ចុប្បន្ននៅសល់ប្រមាណជាង ១,២០០ហិកតា ដែល​កំពុង​ធ្វើការ​គ្រប់​គ្រង​ការ​ពារ​ ហើយផ្ទៃដីព្រៃឈើជាង ៤០០ហិកតាទៀត ត្រូវបានរងការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធពីសំណាក់ជនល្មើសមួយចំនួននាបណ្តាឆ្នាំកន្លងទៅ ។

លោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់​ បានបញ្ជាក់ថា​ ផ្ទៃដីព្រៃឈើសហគមន៍អូរក្រញូងដែលបានរងការកាប់ទន្ទ្រានក្នុងពេល​ត្រួតពិនិត្យ​នេះ​ មាន​ ទំហំ​ ៩​ហិកតា​ ១៥​អា​ ក្នុង​នោះ​ តាម​ការ​វាយតម្លៃ​ ផ្ទៃដី​ប្រមាណ​ជាង​ ៣​ហិកតា​ ត្រូវ​បាន​រង​ការ​កាប់​ទន្ទ្រាន​នៅ​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ។ ដោយ​ឡែក​ផ្ទៃដី​ជាង​ ៦​ហិកតា​ទៀត​ អាច​ក្រុម​ជនល្មើស​លួច​កាប់​ទន្ទ្រាន​ នាបណ្តា​ឆ្នាំ​កន្លងទៅ​ ហេីយទេីប​ធ្វើ​ការ​ដុត​និង​សំអាត​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​ ដែល​យេីង​កំពុង​ធ្វើការ​ការពារ​ និង​អភិរក្ស​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​ និង​កូន​ចៅ​យើង​នៅ​ជំនាន់​ក្រោយ​ៗទៀត​ ។ ហេីយ​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​ ប្រធាន​សមាគម​ព្រៃឈើ​អូរ​ក្រញូង​ ត្រូវ​ស្រាវ​ជ្រាវ​វែក​រក​មុខ​សញ្ញា​កាប់​ទន្ទ្រាន​ព្រៃឈើ​សហគមន៍​អូរ​ក្រញូង​នេះ​ឲ្យ​ឃេីញ​ ដេីម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ប្រគល់​ ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ប្រេង​ឥន្ធនៈ​ ភេសជ្ជៈ​ និងបានប្រគល់​ភារកិច្ច​ដល់​កងកម្លំាង​ដែល​ត្រូវ​បង្កើន​បន្ថែម​ ក្នុង​ការ​ការពារ​ នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​អូរ​ក្រញូង​នេះ​ ត្រូវ​ការពារ​ឲ្យ​បាន​ដាច់​ខាត​ មិន​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ជាថ្មី​ និង​ត្រូវ​គ្រប់​គ្រង​ឲ្យបាន​មុឺងម៉ាត់នូវ​ផ្ទៃដី​ ដែល​បាន​លួច​កាប់​ទន្ទ្រាន​រួច​ហើយ​នេះ​ មិន​ត្រូវ​ឲ្យ​បាត់បង់​ ឬមានការ​ដាំដុះ​ដំណាំ​អ្វី​ឡើយ​ ដេីម្បី​ទុក​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ ដុះ​លូតលាស់​ឡើង​វិញ​ ជា​សម្បត្តិ​របស់​រដ្ឋ​ ។