អភិបាលខេត្តកំពង់ចាម​ ថ្លែងថា​ ប្រាក់ឈ្នួលកម្មករនិយោជិតក្នុងវិស័យកាត់ដេរ​កើនឡើងបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បានជាង២៤០ដុល្លារក្នុងមួយខែ

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ សម្រាប់ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុង វិស័យកាត់ដេរ​កើនឡើងដល់២១០ដុល្លារ ហើយប្រសិនបូក នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលទាបបំផុតចាប់ពី ២២៩,៥ ដល់ ២៤០,៥ ដុល្លារអាមេរិកក្នុងមួយខែ។​ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»​ ដែល​បាន​ធ្វើ​ឡើង​ នាព្រឹកថ្ងៃទី​១​ ឧសភា​ ២០២៦​ ​នៅ​ក្រុមហ៊ុន សាន់ស៊ូ ហ្គាម៉ិន ខូអិលធីឌី​ ស្រុកព្រៃឈរ​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ក្នុងខេត្តកំពង់ចាម មានរោងចក្រ-សិប្បកម្មចំនួន ១.៦៨៣មូលដ្ឋាន និងកម្លាំងពលកម្មសរុប ៥៥.៦៥៨នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សរុបចំនួន ៣៣កន្លែង មានកម្មករចំនួន៣៦.១៣៦នាក់​ ។ ខណៈពលករខ្មែរត្រឡប់ពីថៃ ៦.២០១នាក់ ឱកាសការងារក្នុងខេត្ត ចំនួន ១.២៥៦នាក់ និងការងារក្រៅខេត្ត ចំនួន ៧៣២០នាក់​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានលេីកឡេីងផងដែរថា​ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលលើជំនាញ សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៣ ៣៦៩នាក់ មានបណ្ណសមធម៌ ២ ៤២៦នាក់ ប្រាក់ឧបត្ថមសរុបជិត២ពាន់​លាន​រៀល​ ៕