(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប រួមជាមួយលោក សេន សុព្រី
សមាជិកគណៈអ៊ីម៉ាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី ចែកជូនដល់បងប្អូនខ្មែរឥស្លាមដែលមានជីវភាពខ្វះខាតចំនួន ៧០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តម អែល សៀត បានគូសបញ្ជាក់ថា ជំនួយនាពេលនេះគឺជាទឹកចិត្តសប្បុរសធម៌ពីបងប្អូនមូស្លីមនៅប្រទេសម៉ាឡេស៊ី ដែលឆ្លុះបញ្ចាំងពីស្មារតី “សាសនិកឥស្លាមគ្រប់រូបគឺជាបងប្អូននឹងគ្នា” ទោះបីនៅខុសសញ្ជាតិក៏ដោយ។ ឯកឧត្តមបានបន្ថែមថា សកម្មភាពចែករំលែកនេះមិនត្រឹមតែជួយសម្រាលការលំបាកផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកម្លាំងចិត្ត និងពង្រឹងសាមគ្គីភាពរវាងសាសនិកឥស្លាមនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានរំលឹកពីកាតព្វកិច្ចសាសនា ដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ មានសាសនិកឥស្លាមកម្ពុជាប្រមាណ ១,២១០ នាក់ បានអញ្ជើញទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី (Hajj) នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតដោយភាពស្មោះត្រង់ និងជំរុញកូនចៅឱ្យខិតខំរៀនសូត្រទាំងចំណេះដឹងទូទៅ និងចំណេះដឹងសាសនា ដើម្បីកសាងអនាគតគ្រួសារឱ្យជួបតែភាពរុងរឿង។
ដោយឡែក ក្នុងកម្មវិធីដដែលនេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចុងឃ្នៀស ក៏បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព ឬយុវជនដែលគ្រប់អាយុ ១៥ឆ្នាំ ឱ្យអញ្ជើញមកបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីដោយឥតគិតថ្លៃ។ សម្រាប់អ្នកដែលអត្តសញ្ញាណបណ្ណមានសុពលភាពតិចជាង ៦ខែ (១៨០ថ្ងៃ) ក៏អាចមកបន្តសុពលភាពថ្មីបានដែរ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណច្បាប់ដើម និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារដែលបានបញ្ជាក់ត្រឹមត្រូវតាមច្បាប់៕
អត្ថបទដោយ៖ ដោយប៊ុនរដ្ឋា



































