ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ចុះសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី ក្រោយពេលទទួលបានផ្ទះថ្មី ពីសម្ដេចតេជោ ហ៊ុន សែន 

0

ខេត្តកំពង់ធំ៖   ដេីម្បី​អបអរ​សាទរ​ខួប​លើក​ទី​១៩​ ទិវា​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ និង​ជា​អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកស្រី អ៊ុល សុខនី ដែលជាភរិយាអតីតយុទ្ធជនពលី នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះ លោកស្រី អ៊ុល សុខនី ដែលជាភរិយាសពអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាម​រយៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគាត់រួចមកហើយ ​ហើយគាត់មានសេចក្តីរំភើបចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន និងមិននឹកស្មានថាមានថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារគាត់ ត្រូវខិតខំថែរក្សាសុខភាព មើលថែរក្សាផ្ទះសម្បែងឲ្យបានល្អ សម្រាប់ការរស់នៅយូរអង្វែងតកូនតចៅ នឹងត្រូវចូលរួមជាមួយអាជ្ញាធរដែនដី អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការងារសង្គមផ្សេងៗទៀត ប្រកបដោយសេចក្តីថ្លៃថ្នូរ សមស្របជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។

នៅក្នុងឱកាស​អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ  បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនលោកស្រី អ៊ុល សុខនី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ដោយ ប៊ុន រដ្ឋា