កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្កំពង់ចាម បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣យាងចូល ៧៤ព្រះវស្សា ដែលបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាំងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន ។
ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធិពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណ កាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសល ចំពោះព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាអាយុវឌ្ឍន់មង្គលមួយដ៏ល្អប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ខ្មែរបានយូរអង្វែងតរៀងទៅ ៕







































