សៀមរាប: នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិស្រុកប្រាសាទបាគង បានបន្តដឹកនាំក្រុមការងាររៀបចំវេទិកាសាធារណៈស្វែងយល់ពីបញ្ហាប្រឈម និងការប្រើប្រាស់ដីធ្លីក្នុងតំបន់អង្គរ សម្រាប់ភូមិចំនួន៧នៃឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ប៊ុនថាន មានប្រសាសន៍ថា វេទិកានាពេលនេះ គឺដើម្បីពិភាក្សាយោបល់ ទទួលសំណូមពរ រកដំណោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យការប្រើប្រាស់ដីធ្លីក្នុងតំបន់អង្គរឲ្យសមស្របទៅតាមច្បាប់ដែលបានចែង និងជៀសវាងការសាងសងប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ បន្ថែមពីនោះមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នឹងបានចុះទៅដល់ទីតាំងជាក់ស្ដែងដើម្បីពិនិត្យ វាស់ស្ទង់ និងវិនិច្ឆ័យទៅលើដីធ្លីទាំងនោះ ដើម្បីឲ្យមានសុក្រឹតភាពជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំង៧មានភូមិត្នោត ភូមិបង្កោង ភូមិថ្នល់បាក់ ភូមិគោកចាន់ ភូមិត្រពាំងរុន ភូមិតាប៉ាង ភូមិព្រៃគុយ ដោយទីតាំងនៃភូមិនីមួយៗ ត្រូវបានចែកជាប្រាំមួយទីតាំងនៅលើផែនទីដោយបែងចែកតាមពណ៌ដើម្បីងាយស្រួលពន្យល់ដល់ប្រជាពលរដ្ឋ មានដូចជាទីតាំងកសិកម្ម ទីតាំងអាជីវកម្ម ទីតាំងភូមិឋានទីប្រជុំជន ទីតាំងទ្រនាប់ និងទីតាំងត្រូវការពារដាច់ខាត។ សម្រាប់វេទិកានាពេលនេះ ក្រុមការងារក៏ទទួលបានសំណួរសំណូមពរមួយចំនួនពីប្រជាពលរដ្ឋ ក្នុងនោះមន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏បានធ្វើការបកស្រាយជូនពួកគាត់ភ្លាមៗផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចាត់មន្ត្រីជំនាញដើម្បីធ្វើការសម្រួលនូវផែនទីព្រាងបន្ថែមទៀត ដើម្បីឲ្យការប្រើប្រាស់ដីនាពេលអនាគតកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តមក៏បានជម្រុញដល់ក្រុមការងារប្រតិបត្តិទាំងអស់ កំណត់ឲ្យបាននូវបញ្ហាប្រឈម និងដឹកនាំសម្របសម្រួលក្នុងការរៀបចំផែនការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋនៅតាមភូមិក្នុងតំបន់អង្គរ ដើម្បីធានាឲ្យមានភាពងាយស្រួល របៀបរៀបរយ និងនិរន្តរភាពនៃការប្រើប្រាស់ដីនៅក្នុងមូលដ្ឋាន។ ក្រោយទទួលសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង៧ ត្រូវពិនិត្យពិភាក្សាបន្ថែម ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងពន្យល់អំពីការប្រើប្រាស់ដីធ្លីតំបន់បេតិកភណ្ឌពិភពលោកអង្គរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងន័យឱ្យការប្រើប្រាស់ត្រឹមត្រូវតាមច្បាប់ដែលបានចែង៕






































