ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកំពង់ធំ ជួបជុំគ្នាប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

0

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ព្រះជន្មាយុ ៧៣ យាងចូល ៧៤ ព្រះវស្សា។
​ពិធីដ៏មហោឡារិកនេះ ប្រារព្ធឡើងនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ ក្នុងនោះក៏មានការនិមន្តចូលរួមពី ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករ។
​ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម នួន ផារ័ត្ន បានអានសារលិខិតថ្វាយព្រះពរក្នុងនាមរដ្ឋបាលខេត្ត និងប្រជានុរាស្ត្រទូទាំងខេត្តកំពង់ធំ ដោយបានសម្តែងនូវភក្តីភាព និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការបម្រើជាតិ សាសនា និងមាតុភូមិ។
​ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទេសជាតិទទួលបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច ការទូត និងវប្បធម៌។ ព្រះអង្គគឺជា និមិត្តរូបនៃឯកភាពជាតិ ឯករាជ្យភាព និងអធិបតេយ្យភាព ដែលជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់រូបរស់ក្នុងសុខសន្តិភាព និងសេចក្តីថ្លៃថ្នូរ។
​ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្ត្រខ្មែរជាអង្វែងតទៅ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា