បុណ្យសមុទ្រលើកទី១២ ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីអាក់ខាន នៅឆ្នាំ២០២៥

0

រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចយកខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ឡើងវិញ។ កម្មវិធីនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២នេះរៀបចំឡើងបន្ទាប់ពីអាក់ខានមិនបានប្រារព្ធនៅឆ្នាំ២០២៥ ដោយសារស្ថានភាពសង្គ្រាមឈ្លាន ពានពី ប្រទេសថៃ។

កន្លងមកបុណ្យសមុទ្រ ត្រូវរៀបចំនៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្ន ក្រោយកម្ពុជាទទួលរងសង្គ្រាមឈ្លានពាន​នៅចុង ខែកក្កដា ឆ្នាំ២០២៥។សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងបន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។

ក្រសួងទេសចរណ៍បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរ និងលើកស្ទួយសក្តានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា។ បុណ្យសមុទ្រ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដើម្បីជំរុញការអភិរក្សធនធានធម្មជាតិសមុទ្រ ថែរក្សាបរិស្ថានឆ្នេរ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកប ដោយចីរភាព។តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ព្រឹត្តិការណ៍នេះត្រូវរៀបចំជាប្រចាំនៅខេត្តជាប់មាត់ សមុទ្រទាំង៤ រួមមាន ខេត្តព្រះសីហនុ កែប កំពត និងកោះកុង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះក្នុងខែធ្នូ រៀងរាល់ឆ្នាំ៕នាគសមុទ្រ