មន្ទីរបរិស្ថានខេត្តព្រះវិហារ បន្តយុទ្ធនាការក្តៅ ចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ការពារបានជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងជាច្រើន !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្មដើម្បីការពារធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ក្នុងករណីកាប់បំផ្លាញ និងដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីដែនជម្រកសត្វព្រៃ «ព្រៃឡង់» និង «ឆែប-ព្រះរការ»។

​​នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សមកពីស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក ៧នាក់ បានចុះល្បាតក្នុងភូមិសាស្ត្រព្រៃសហគមន៍បង្កនសែនជ័យ រហូតដល់ចំណុចព្រៃល្បើក ក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង។

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ខណៈកំពុងបើកគោយន្តកន្ត្រៃដឹកឈើអារប្រភេទលេខ១ (ឈើសុក្រំ) ចំនួន ០២គ្រឿង ចេញពីតំបន់ការពារធនធានធម្មជាតិ (ដែនជម្រកសត្វព្រៃ-ព្រៃឡង់)។ ​ក្រៅពីឈើ និងគោយន្ត មន្ត្រីជំនាញបានដកហូតរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃ (ប្រើហ្គាស) ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការរងពើក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

​​ដោយឡែក ក្នុងករណីមួយទៀត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សសហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅតំបន់អូរស្កាច។

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ រួមមានឈ្មោះ នុត ជា, ខុន សាស និង សាន វី រួមជាមួយវត្ថុតាងគោយន្ត ២គ្រឿង និងឈើអារមួយចំនួន។

​ក្រោយការសាកសួរ និងពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញដើមឈើធំៗ (មុខកាត់ ៦០-១២០ ស.ម) រួមមានឈើទាល និងឈើត្រាច ចំនួន ២០ដើម ត្រូវបានកាប់រំលំ។

មន្ត្រីជំនាញបានបន្តប្រមូលវត្ថុតាងឈើអារដែលនៅសេសសល់ចំនួន ១០ម៉ែត្រត្រីគុណ បន្ថែមទៀត យកទៅរក្សាទុកនៅស្នាក់ការ៩១ និងស្នាក់ការអូរកក់។

​​ចំពោះករណីនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប សាលាដំបូងខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំង ០៣នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តរួចរាល់ហើយ។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ខ្លួន «មេខ្លោង» និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ទៀត ដែលត្រូវបានកំណត់អត្តសញ្ញាណរួចហើយនោះ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

​ការបង្ក្រាបជាបន្តបន្ទាប់នេះ បង្ហាញពីជំហរដាច់ខាតរបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ក្នុងការលុបបំបាត់បទល្មើសធនធានធម្មជាតិ និងការការពារសម្បត្តិព្រៃឈើ ដែលនៅសេសសល់ចុងក្រោយនេះ សម្រាប់កូនចៅជំនាន់ក្រោយ៕