(កំពង់ធំ)÷ ថ្ងៃសៅរ៍១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារមូលដ្ឋាននៅទីស្នាក់ការគណបក្សឃុំពពក ដើម្បីពិភាក្សាផែនការរៀបចំសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ ។ កិច្ចប្រជុំមានការចូល
រួមពីសមាជិកគណបក្សប្រមាណ៤០រូប ក្នុងបរិយាកាសសកម្ម ដោយផ្តោតលើការពង្រឹងការងារមូលដ្ឋាន និងការចូលរួមជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។
ក្នុងឱកាសនេះឯកឧត្តម ចាន់ យុត្ថា បានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រមូលដ្ឋាន ការចូលរួមរបស់ក្រុមការងារ និងការរួមចំណែកពីសាធារណជន ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា។អាចបន្តទទួលបានជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខ។
ឯកឧត្តម លើកទឹកចិត្តឱ្យក្រុមការងារមូលដ្ឋានបន្តពង្រឹងការងារជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាដែលកើតមាន និងបន្តលើកកម្ពស់សេវាសាធារណៈក្នុងតំបន់ ដើម្បីឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាជន។
ឯកឧត្តម បន្ថែមថា ក្នុងរយៈពេលជាងពី២ឆ្នាំកន្លងមកនេះក្រុមការងារ កំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមយុទ្ធសាស្រ្តទាំង៣ ដែលបានដាក់ចេញ ហើយសមិទ្ធផល និងលទ្ធផលការងារជាច្រើនបានលេចឡើងជាបណ្តើរៗ ទាំងក្នុងក្របខណ្ឌការងារ កសាងនិងពង្រឹងគណបក្សប្រជាជនកម្ពុជា ទាំងក្នុងក្របខណ្ឌការងារអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងគម្រោងវិនិយោគធំៗ ក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។
កិច្ចប្រជុំបានបញ្ចប់ដោយការកំណត់ទិសដៅ និងកិច្ចការសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបន្តប្តេជ្ញាធ្វើការយ៉ាងសកម្ម ដើម្បីធានាថាការរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ មានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងឃុំពពក។ 





































