ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញ ចូលរួមជាវាគ្មិនកិត្តិយស ធ្វើបាឋកថាចែករំលែកបទ ពិសោធការងារពាក់ព័ន្ធការដឹកនាំ និងគ្រប់គ្រងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដល់សិស្សនគរបាល ដែលកំពុងសិក្សាបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦នេះ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា«ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មិនមែនជាតួនាទីរបស់បុគ្គលណាម្នាក់នោះឡើយ ប៉ុន្តែវាទាមទារឱ្យមានការចូលរួម សហការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺកងកម្លាំងនគរបាលជាតិដែលជាបង្អែកដ៏រឹងមាំរបស់ប្រជាជន»។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងផ្នែកទ្រឹស្តី និងវិន័យ ដើម្បីក្លាយជាមន្ត្រីនគរបាលជាតិដ៏មានសមត្ថភាព គុណធម៌ និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ៕ដោយ៖ភ្នំដងរ៉ែក





































