អ្នកក្លាហានឆក់ត្រីមេពូជក្នុងតំបន់អភិរក្សឃើញកម្លាំងត្បាត(បងជាទន្សាយ)រត់ចូលព្រៃបាត់ស្រមោលបន្សល់ទុកឧបករណ៍នេសាទខុសច្បាប់ឲ្យកម្លាំងល្បាតធ្វើជាភស្តុតាង

0

សៀមរាប÷ រដូវប្រាំងរីងរាំងត្រីងាយផុតពូជបំផុតបើគ្មានការយកចិត្តទុកដាក់ការពារអន្លង់តំបន់អភិរក្សនោះទេ។
តើ លោក វីរៈសេនីយ៍ទោ ខេង ពៅ និងលោក សរ ម៉ាប់ ធ្លាប់ប្រាប់អ្នកសារព័ត៌មាន ថា នឹងបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម ជាពាក្យពិតសម្ដីមាសឬយ៉ាងណា?
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការ ភូមិភាគ៤ ខេត្តសៀមរាប បានដឹកនាំកម្លាំង សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ មេភូមិមាត់ខ្លា និងសហគមន៍នេសាទមាត់ខ្លា។ កម្លាំងសហការសរុបចំនួន ៨ នាក់ មធ្យោបាយធ្វើដំណើរ ដោយកាណូតចំនួន ២ គ្រឿង។ កិច្ចប្រតិបត្តិការបាន ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផលប្រទះឃើញជនសង្ស័យកំពុងនេសាទដោយប្រើឧបករណ៍ឆក់ត្រី ជនសង្ស័យឃើញសមត្ថកិច្ចក៏រត់គេចខ្លួនចូលព្រៃបាត់។ ករណីនេះកើតឡើងនៅចំណុចកន្លែងអភិរក្សជលផលផ្ទោលស្រោង ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជាលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទបានចំនួន ០១ករណី ដោយ ជនសង្ស័យបន្សល់ទុកនូវវត្ថុតាងរួមមាន៖
+កាណូតស្មាច់ ចំនួន០២គ្រឿង
-ទំហំបណ្ដោយ ៥,៤ ម៉ែត្រទទឹង ០,៥ម៉ែត្រ ជម្រៅ ០.៣ម ម៉ាស៊ីនម៉ាកឡុងសុិនកម្លាំង ៣០សេះ
-ទំហំបណ្តោយ៦.១ម៉ែត្រ ទទឹង០១ម៉ែត្រ ជម្រៅ០.៦ម៉ែត្រម៉ាសុីនម៉ាកឡុងសុិនកម្លាំង៣០សេះ,-អាំងវែកទ័រ ចំនួន០២គ្រឿង, អាគុយ ៧០អំពែរ ចំនួន០៣គ្រឿង,អាគុយ៥០អំពែរ ចំនួន០១គ្រឿង, ដងឆក់ ចំនួន០២គូ , ខ្សែភ្លើងប្រវែង ៨ម៉ែត្រ ។
* ពាក់ព័ន្ធករណីនេះ លោក វីរៈសេនីយ៍ទោ ខេង ពៅ និងលោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលផលដំដែក ក៏ ដូចជា លោក ឆុង ឌឿន នាយសង្កាត់រដ្ឋ បាលជលផល អន្លង់ សំណរ នៅតែប្រាប់អ្នកសារព័ត៌មានដដែល នឹងបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមជាពិសេសតំបន់អភិរក្សត្រីមេពូជ ហើយក៏បន្តទៅរដូវបិទនេសាទខណៈត្រីពងកូន វាគឺជា ភារកិច្ច ហើយក៏ដើម្បី ថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋថា រាល់ឆ្នាំពួកគាត់ឮ គេថា ត្រីក្នុងអន្លង់ស្ទើតែអស់ ព្រោះ ក្របីស្នែងដែក និងពីងពាង សំបុកក្រឡាបីជាន់ សុីត្រី មេពូជក្នុងអន្លង់តំបន់អភិរក្សរៀងរាល់ឆ្នាំ តាមពិត គេលួចឆក់ត្រី និងរាយមងបីជាន់សោះ។ ពួកគាត់បន្តឆ្នាំនេះសង្ឃឹមថាត្រីមេពូជនឹង មិនអស់ដូចឆ្នាំមុនៗ ប្រសិនបើកម្លាំងសហការអនុវត្តទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមពិតប្រាកដមែន៕
ដោយ( អ៊ុក ផ្លុង )