កំណែទម្រង់ថ្មី៖ ស្នងការខេត្តកំណត់ត្រឹមផ្កាយ១ អធិការស្រុកត្រឹមវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ)

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមជាគោលការណ៍ ក្នុងការកំណត់ឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិបន្តវេន ឱ្យស្របទៅតាមមុខតំណែងនីមួយៗ នៅក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពថ្នាក់ប្រហាក់ប្រហែល។

​ការកំណត់ជាថ្មីនេះ គឺជាផ្នែកមួយនៃនយោបាយកំណែទម្រង់អភិបាលកិច្ច ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញចាប់តាំងពីដើមអាណត្តិ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពការងារ ដ្បិតឋានន្តរស័ក្តិមានឥទ្ធិពលផ្ទាល់ទៅលើប្រាក់បៀវត្ស និងអាយុកាលចូលនិវត្តន៍របស់មន្ត្រី។

​យោងតាមគោលការណ៍ថ្មីនេះ ឋានន្តរស័ក្តិត្រូវកំណត់ទៅតាមមុខតំណែងសំខាន់ៗ ដូចខាងក្រោម៖

  • អគ្គស្នងការនគរបាលជាតិ៖ ថ្នាក់ នាយឧត្តមសេនីយ៍ (ផ្កាយ៤)
  • អគ្គនាយក និងអគ្គស្នងការរង៖ ថ្នាក់ ឧត្តមសេនីយ៍ឯក (ផ្កាយ៣)
  • អគ្គនាយករង និងប្រធាននាយកដ្ឋានកណ្តាល៖ ថ្នាក់ ឧត្តមសេនីយ៍ទោ (ផ្កាយ២)
  • អនុប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន និងស្នងការរាជធានី-ខេត្ត៖ ថ្នាក់ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) (ខុសពីបច្ចុប្បន្នដែលភាគច្រើនមានថ្នាក់ផ្កាយ២)
  • អនុប្រធាននាយកដ្ឋាន និងស្នងការរងរាជធានី-ខេត្ត៖ ថ្នាក់ វរសេនីយ៍ឯក (ស័ក្តិ៥)
  • នាយការិយាល័យ និងអធិការនគរបាល ក្រុង-ស្រុក-ខណ្ឌ៖ ថ្នាក់ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) (ខុសពីបច្ចុប្បន្នដែលភាគច្រើនមានថ្នាក់ស័ក្តិ៥)
  • នាយរងការិយាល័យ និងអធិការរង ក្រុង-ស្រុក-ខណ្ឌ៖ ថ្នាក់ វរសេនីយ៍ត្រី (ស័ក្តិ៤)
  • នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់៖ ថ្នាក់ អនុសេនីយ៍ឯក (ស័ក្តិ៣) (ខុសពីបច្ចុប្បន្នដែលភាគច្រើនមានថ្នាក់ស័ក្តិ៤)
  • នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់៖ ថ្នាក់ អនុសេនីយ៍ទោ (ស័ក្តិ២)

​សេចក្តីសម្រេចជាគោលការណ៍នេះ ត្រូវបានផ្ញើជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប និងចាត់ចែងអនុវត្តបន្ត៕