សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជិត ១០ម៉ែត្រគូប សង្ស័យដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃព្រះរកា-ឆែប !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ កម្លាំងជំនាញនៃរដ្ឋបាលព្រៃឈើស្រុករវៀង បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់រថយន្តកែច្នៃដឹកឈើខុសច្បាប់១គ្រឿង ក្នុងទិសដៅរួមគ្នាការពារ និងទប់ស្កាត់ការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់ជាតិ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
រថយន្តដែលត្រូវបានឃាត់នោះ ជាប្រភេទរថយន្តកូរ៉េកែច្នៃ ពាក់ស្លាកលេខកំពងចាម3A.3077 ដោយបានលួចលាក់ដឹកជញ្ជូនឈើខុសច្បាប់ មានបរិមាណប្រមាណជិត ១០ម៉ែត្រគូបត្រីគុណ។ តាមការស៊ើបអង្កេតបឋម ឈើល្មើសច្បាប់ទាំងនេះ គេបានដាក់ការសង្ស័យថា ត្រូវបានគេលួចកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារព្រៃព្រះរកា-ឆែប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្ន ទាំងវត្ថុតាងឈើ និងមធ្យោបាយដឹកជញ្ជូន ត្រូវបានកម្លាំងជំនាញបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។
សារដាស់ស្មារតី៖ ត្រូវ«រួមគ្នាការពារព្រៃឈើ ដើម្បីអនាគតមនុស្សជំនាន់ក្រោយ» ព្រៃឈើ មិនមែនគ្រាន់តែជាដើមឈើដែលដុះលើដីនោះទេ ប៉ុន្តែវាគឺជា “សរសៃឈាមសេដ្ឋកិច្ច បរិស្ថាន និងជាដង្ហើមនៃជីវិត”។ តំបន់ព្រៃព្រះរកា ក៏ដូចជាព្រៃសហគមន៍នានាទូទាំងប្រទេស គឺជាជម្រកដ៏សុខសាន្តនៃសត្វព្រៃ ជាប្រភពទឹក និងជាខែលការពារគ្រោះធម្មជាតិ ដូចជាការបាក់ដី និងការប្រែប្រួលអាកាសធាតុជាដើម។
ដូច្នេះ«ការកាប់បំផ្លាញព្រៃឈើមួយដើម គឺស្មើនឹងការបំបាត់នូវក្តីសង្ឃឹម និងជីវិតរបស់យុវជនជំនាន់ក្រោយ។ រាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ មិនត្រឹមតែបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញអនាគត និងមោទនភាពជាតិផងដែរ»។
ស្របពេលជាមួយគ្នានោះ រដ្ឋបាលព្រៃឈើ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ តែងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ឲ្យបញ្ឈប់រាល់ការកាប់បំផ្លាញ ការជួញដូរ និងការទន្ទ្រានដីព្រៃខុសច្បាប់ ,ត្រូវចូលរួមជាកម្លាំងសរុបក្នុងការរាយការណ៍ និងសហការជាមួយសមត្ថកិច្ចនៅពេលឃើញមានបទល្មើស ,ត្រូវបណ្តុះគំនិតស្រលាញ់ និងដាំដើមឈើឡើងវិញ ដើម្បីរក្សាពណ៌បៃតងដ៏ស្រស់បំព្រងសម្រាប់មាតុភូមិកម្ពុជា ហើយប្រសិនបើ «ស្រលាញ់ជាតិ ត្រូវចេះស្រលាញ់ និងរួមគ្នាការពារធនធានធម្មជាតិ» ដែលដូនតាខ្មែរយើងបានបន្សល់ទុកឲ្យបានគង់វង្ស៕