លោកប្រធានការិយាល័យសុខភាពសិក្សា បានលើកឡើងថា ការលើកកម្ពស់សុខភាពសិក្សាក្នុងសាលារៀន ជាការកសាងមូលធនមនុស្សរឹងមាំ និងចីរភាព នៅក្នុងកម្មវិធីតាំងពិព័រណ៍អាហារសុខភាព

0

(កំពង់ធំ)÷ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា តំណាងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា ការលើកកម្ពស់សុខភាពសិក្សាក្នុងសាលារៀន ជាការកសាងមូលធនមនុស្សរឹងមាំ និងចីរភាព នៅក្នុងកម្មវិធីតាំងពិព័រណ៍អាហារសុខភាពនៅសាលាបឋមសិក្សាមាសគង់ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ឌីបិន ជោស៊ី(Dipen Joshi) General Manager នៃក្រុមហ៊ុនអូឡាមនៅទេសកម្ពុជា(Olam Outspand Cambodia) និងលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនអូឡាមនៅប្រទេសកម្ពុជានិង លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សប្រមាណចំនួន៥១០នាក់ ត្រូវបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណមួយថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ។

នៅក្នុងពិធីនេះលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា អង្គការហេលែន ខេលល័រអន្តរជាតិ បានចាប់ដៃគូជាមួយក្រុមហ៊ុនអូឡាមអនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១០ ក្នុងខេត្តកំពង់ធំមានស្រុកតាំងគោក២សាលា ស្រុកសន្ទុក៣សាលា និងស្រុកស្ទោងចំនួន៥សាលា។ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។

លោក ឌីបិន ជោស៊ី(Dipen Joshi) General Manager នៃក្រុមហ៊ុនអូឡាមនៅទេសកម្ពុជា(Olam Outspand Cambodia) បានលើកឡើងពីចក្ខុវិស័យរបស់ក្រុមហ៊ុនអូឡាមនៅកម្ពុជា សិក្សាទៅលើផ្នែកកសិកម្មសកលដែលមានភាពខុសប្លែក និងមានតម្លៃខ្ពស់បំផុតផ្តោតលើ ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព
ការលើកកម្ពស់ជីវភាពកសិករ ការផ្គត់ផ្គង់អាហារដែលមានតម្លាភាព និងគុណភាព ការការពារបរិស្ថាន និងធនធានធម្មជាតិ។ ការលើកទឹកចិត្តដល់អ្នកចូលរួមឱ្យធ្វើការដោយភាពច្នៃប្រឌិតទទួលខុសត្រូវ។ ផ្តល់ឱកាសឱ្យអ្នកចូលរួមរៀន និងអភិវឌ្ឍជំនាញជាបន្តបន្ទាប់ លើកទឹកចិត្តឱ្យមានភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិត។ បង្កើតបរិយាកាសការងារដែលគោរពគ្នា និងធ្វើការជាក្រុមផ្តល់សិទ្ធិឱ្យចូលរួមសម្រេចចិត្ត និងទទួលខុសត្រូវលើការងារ។ ជំរុញការងារដែលមានអត្ថន័យ និងមានផលប៉ះពាល់វិជ្ជមានដល់សហគមន៍ និងបរិស្ថាន។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក សៀន ហុកហេង បានលើកឡើងថា ការតាំងពិព័រណ៍បន្លែផ្លែឈើសុខភាព ជាសកម្មភាពសំខាន់មួយសម្រាប់បង្កើនការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ការដាំបន្លែសុខភាព និងការថែរក្សាសុខភាពគ្រួសារ។ វិធីដាំបន្លែសុវត្ថិភាពដោយកាត់បន្ថយការប្រើសារធាតុគីមី ការជ្រើសរើសពូជបន្លែដែលមានគុណភាពការប្រើជីធម្មជាតិ និងការថែទាំដំណាំ។ អត្ថប្រយោជន៍នៃការបរិភោគបន្លែស្រស់ចំពោះសុខភាព។ ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារតាមរយៈការដាំបន្លែលក់ ប្រជាពលរដ្ឋបានបង្ហាញការចាប់អារម្មណ៍ និងចូលរួមផ្លាស់ប្តូរយោបល់យ៉ាងសកម្ម។ ចែករំលែកបទពិសោធន៍ក្នុងការដាំបន្លែ និងបញ្ហាប្រឈមដែលជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយរួម។ ជួយពង្រឹងទំនាក់ទំនងល្អរវាងអ្នករៀបចំ និងសហគមន៍ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាព និងបរិស្ថានកាន់តែប្រសើរ។

ជាមួយគ្នានោះលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា ក៏បានលើកឡើងពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងកាតកសាងមូលធនមនុា្សដ៏រឹងមាំ និងប្រកបដោយចីរភាព តាមរយ:ការបណ្ដុះបណ្ដាលកុមារ និងយុវជនឲ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ សុខភាពល្អ និងមានស្មារតីជាតិនិយមផងដែរ ។ នៅក្នុងកម្មវិធីនោះ លោកប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ កសិករ អាជីវករទាំងអស់ ដែលបានចូលរួមគាំទ្រ និងអញ្ជើញមកទស្សនាការតាំងពិព័រណ៍បន្លែសុវត្ថិភាព។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏មានតម្លៃក្នុងការលើកកម្ពស់ការផលិត និងការប្រើប្រាស់បន្លែសុវត្ថិភាព ដើម្បីការពារសុខភាពគ្រួសារ និងសហគមន៍។ សូមបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុក ប្រើប្រាស់បន្លែស្អាត និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារទៅកាន់អ្នកជុំវិញខ្លួន។ ការតាំងពិព័រណ៍នេះនឹងផ្តល់ចំណេះដឹង បទពិសោធន៍ និងជំរុញឱ្យមានការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពកាន់តែប្រសើរ។ អត្ថបទលោក ធូ កែវមុន្នី