ថ្នាក់ដឹកនាំខេត្តសៀមរាប ជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការប្រមូលពន្ធលើវិស័យអចលនទ្រព្យ

0

សៀមរាប: ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួន នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានជម្រុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, ការិយាល័យរៀបចំដែនដីក្រុងស្រុក, អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទាំងអស់ បន្តយកចិត្តទុកដាក់លើការងារប្រមូលពន្ធ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាខាពន្ធដារខេត្ត ដើម្បីឲ្យការប្រមូលពន្ធលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព។
លោក សំកុល សុចិត្រា ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសាខាពន្ធដារខត្តសៀមរាប ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិរហូតសម្រេចបាននូវសមិទ្ធផលជោគជ័យគួរជាទីមោទនៈ។ ជាពិសេសសាខាពន្ធដារខេត្ត តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមោះមុត និងមានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព។ លោកអភិបាលរងខេត្ត ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្ដល់នូវការយល់ដឹងថ្មីៗបន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការនៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យបានគ្រប់ចំនួន ឬលើសពីផែនការដែលបានកំណត់និយាយជារួម និងនិយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឲ្យអស់សក្ដានុពល និងចូលរួមផ្ដល់សេវាសាធារណៈពាក់ព័ន្ធ ជូនដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។
លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានបង្ហាញថា សិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋាន គតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួនរួមមាន ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ជូនដល់អាជ្ញាធរស្រុកក្រុង ឃុំសង្កាត់ ភូមិ និងតាមបណ្ដាស្ថាប័នពាក់ព័ន្ធ រៀបចំឡើងដោយសាខាពន្ធដារខេត្តសៀមរាប ក្នុងគោលបំណងជំរុញដល់ការផ្សព្វផ្សាយបន្តជូនដល់អ្នកជាប់ពន្ធ និងសាធារណជន ឱ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕