បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ជូន​យោធិន​ក្រោម​ឱវាទ​ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ព្រមទាំងបានផ្សព្វផ្សាយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រប់ការិយាល័យ ស្ថាប័នចំណុះ ដែលបានចូលរួមយ៉ាងច្រើនកុះករ ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ដែលអង្គភាពសម្រេចបានក្នុងខែឧសភាឆ្នាំ ២០២៦ ហើយនឹងបានអាននូវសេចក្តីព្រាង ស្តីពីទិសដៅភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងសម្រេច ។

លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងផ្សព្វផ្សាយផែនការមួយចំនួន និងបានអានច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមរនាម​ និង​ព្រះរាជ​ត្រាស់បង្គាប់ព្រះមហាក្សត្រ បានចុះហត្ថលេខាលេីព្រះ​រាជក្រម​ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ ដោយដាក់ឲ្យប្រើប្រាស់ជាការប្រញាប់ បន្ទាប់ពីឆ្លងអង្គប្រជុំព្រឹទ្ធសភា ផ្តល់យោបល់និងសម្រេចរួចមក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ការិយាល័យ និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាមួយនោះដែរ អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ក៏បានចាត់តាំងកម្លាំងមួយផ្នែកទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ តាមបទបញ្ជារបស់ថ្នាក់លើផងដែរ។ ហើយក្នុងរយៈពេលជាង ២០​ ខែកន្លងទៅនេះ កងកម្លាំងនៅខាងក្រោយ ក៏បានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរ ដែលមជ្ឈដ្ឋានទូទៅមានការកោតសរសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ទីមួយ បន្តពង្រឹង គ្រប់គ្រងកងកម្លាំង គ្រឿងបំពាក់ និងដោះស្រាយកិច្ចការធានាគ្រប់គ្រាន់ ឱ្យកងកម្លាំងដែលកំពុងប្រចាំការបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ទីពីរ ផ្សព្វផ្សាយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ជូនដល់យោធិន និងក្រុមគ្រួសារយោធិនគ្រប់រូប ឲ្យបានយល់ជ្រួតជ្រាប ស្ដីពីអត្ថប្រយោជន៍ និងមោទនភាពរបស់យុវជនដែលត្រូវបានចូលរួមអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនិងត្រូវអនុវត្តន៍នៅពេលខាងមុខ ។ ទីបី ត្រូវបន្តសហការជាមួយកងកម្លាំងចម្រុះ អាជ្ញាធរដែនដី​ និង​សមត្ថកិច្ចជំនាញ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើ និងបទល្មើសេសាទ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។ ទីបួន ត្រូវបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ ទីប្រាំ ត្រូវបន្តសកម្មភាព បម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាត និងបន្តការសាងសង់ផ្ទះ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ឬមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ជូតគាត់ឲ្យបានឆាប់រហ័សក្រោយការធ្វើអធិការកិច្ចរួច។ ពិនិត្យដោយ ទៀក យ៉ុហ៊ន