ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំនិងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា
ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហាគ្រឿងញៀន កាលពីថ្ងៃទី២៧
ខែឧសភា ឆ្នាំ២០២៦នេះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង លោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះសិក្សាស្រាវជ្រាវផ្ទាល់នៅទីតាំងគ្រោងសាងសង់ «មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» ជាមួយប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រតិភូភាគីវៀតណាមត្រូវបានដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ គឿង (Nguyễn Văn Cường) អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម ក្រោមកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា (អ.ជ.ប.គ)។
កិច្ចប្រជុំពិភាក្សាការងារជួបជុំគ្នានៅសាលាខេត្តស្វាយរៀង នាពេលព្រឹកភាគីទាំងពីរបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សា ដោយផ្តោតលើ៖-ការពិនិត្យប្លង់មេ និងផែនទីភូមិសាស្ត្រនៃទីតាំងសំណង់។-ការរៀបចំយន្តការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារបរិក្ខារ។
-ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការសម្របសម្រួលផ្លូវច្បាប់ក្នុងដំណើរការអនុវត្តគម្រោង។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាយ៉ាងម៉ត់ចត់នៅសាលាខេត្តរួចមក ជានាពេលរសៀលថ្ងៃដដែល ក្រុមការងារចម្រុះនៃភាគីទាំងពីរ (កម្ពុជា – វៀតណាម) បានអញ្ជើញចុះទៅដល់ទីតាំងដីជាក់ស្តែង ដែលមានស្ថានភាពដូចតទៅ៖
ទីតាំងគម្រោង៖ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ទំហំផ្ទៃដី៖ គម្រោងនេះនឹងត្រូវស្ថាបនាឡើងនៅលើផ្ទៃដីដ៏ធំធាត់ដែលមានទំហំរហូតដល់ ៥៣ ហិកតា។
ការសិក្សាផ្លូវដឹកជញ្ជូន៖ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យស្ថានភាពផ្លូវថ្នល់ និងសិក្សាលទ្ធភាពនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការសម្របសម្រួលដឹកជញ្ជូនគ្រឿងសម្ភារសំណង់ បរិក្ខារបច្ចេកទេសផ្សេងៗពីប្រទេសវៀតណាមមកកាន់ការដ្ឋានសំណង់។
ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទានេះ គឺជានិមិត្តរូបនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងវៀតណាម ក្នុងការរួមចំណែកកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសហគមន៍ ព្រមទាំងជួយសង្គ្រោះ និងស្តារសមាហរណកម្មអ្នកញៀនគ្រឿងញៀនឱ្យមានឱកាសវិលត្រឡប់មកចូលរួមអភិវឌ្ឍសង្គមជាតិវិញប្រក្ដីដោយសក្តានុពលឡើងវិញ៕គឹមសេង





































