(ឧត្តរមានជ័យ)៖ ការធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនាពេលរាត្រី គឺជាកិច្ចការងារអាទិភាព និងជាការយកចិត្តទុកដាក់បំផុតរបស់រដ្ឋបាលក្រុងសំរោង ដើម្បីបង្កលក្ខណៈងាយស្រួល និងភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការមកលំហែកាយ
នារាត្រីយប់ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញជាប្រចាំពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោក ប្លុង កូយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង និងជាសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកម្លាំងចម្រុះក្រុមការងារលេខាធិការដ្ឋាន (វេនទី៣) ចុះប្រតិបត្តិការល្បាតផ្ទាល់នៅបរិវេណសួនច្បារខេត្តឧត្តរមានជ័យ។
សមាសភាពកម្លាំងសហការចុះល្បាតរួមមានកងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចំនួន ០២ រូប លោក អឿង ពេញ មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុង លោក ហេង ស៊ីលិញ មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល (ដ.ន.ស.ភ) ក្រុង លោក នឹម ប៊ុនធឿន សមាជិកក្រុមការងារសង្កាត់។
សកម្មភាព និងលទ្ធផលនៃប្រតិបត្តិការ កម្លាំងចម្រុះបានធ្វើការដើរល្បាតតាមដានសភាពការណ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងចាត់វិធានការសុវត្ថិភាពនានាជូនប្រជាពលរដ្ឋដែលមកកម្សាន្ត។ ក្រុមការងារបានធ្វើការអប់រំ និងណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលមកបរិភោគអាហារលក្ខណៈគ្រួសារ ឱ្យចូលរួមថែរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសម្អាតអនាម័យជុំវិញទីតាំងរបស់ខ្លួនជាប្រចាំ។
ការវាយតម្លៃស្ថានភាពទូទៅ ជារួមស្ថានភាពសណ្តាប់ធ្នាប់ និងសន្តិសុខទូទៅក្នុងរាត្រីនេះ មានភាពល្អប្រសើរ ដោយមានកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះ ពុំមានសញ្ញានៃភាពអសកម្មណាមួយបង្កឡើងដោយក្រុមក្មេងទំនើង ឬបទល្មើសណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
រដ្ឋបាលក្រុងសំរោង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការយ៉ាងល្អប្រសើរ ដើម្បីប្រែក្លាយទីក្រុងសំរោង ទៅជាទីក្រុងដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អ៕ដោយ៖ភ្នំដងរ៉ែក





































