ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់
អតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ដែលមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារគាត់ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកព្រិន្ទបាលឯក ធន ធឿន បានរៀបរាប់ថា៖ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៥នៅអតីតអង្គភាពកងវរសេនាតូចលេខ ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានរបួសជើងឆ្វេង ដងខ្លួន និងក្បាល ក្នុងសមរភូមិអូរពោធិ ស្រុករវៀង ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧ ។ បច្ចុប្បន្នគាត់មានមានជំងឺប្រចាំកាយ មិនអាចប្រកបមុខរបរអ្វី ដើម្បីចិញ្ចឹមជីវិតបានឡើយ មានតែប្រាក់បំណាច់ប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ក្នុងមួយខែចំនួន ១,៣៦០,០០០រៀល ។ ហើយភរិយារបស់គាត់ធ្វើកម្មករកាត់ដេរ នៅរាជធានីភ្នំពេញ តែក្រុមគ្រួសារគាត់មានជម្រកស្នាក់នៅមិនសមរម្យ ដោយមានកូនកំពុងសិក្សារៀនសូត្រនៅក្នុងបន្ទុកចំនួន ៤នាក់ ទៀតផង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយឃើញពីការលំបាកនេះ និងដោយមានសំណូមពរ ពីអាជ្ញាធរដែនដី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងនាមសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានសម្រេចឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ចុះពិនិត្យ និងសាងសង់ផ្ទះថ្មីជូនគាត់ជាបន្ទាន់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានត្រួតពិនិត្យក្រុមជាងសំណង់ ដែលកំពុងសាងសង់ផ្ទះថ្មីជូនគាត់ ដែលមានទទឹងប្រវែង ៥ ម៉ែត្រ គុណនឹងបណ្តោយប្រវែង ៧ ម៉ែត្រ មានតយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យមួយខ្នងបន្ថែមទៀតផងដែរ ។ ហើយបានណែនាំដល់ក្រុមជាងសំណង់ ត្រូវសាងសង់ប្រកបដោយគុណភាព និងសោភ័ណភាព តាមគំរូប្លង់របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្ដល់ជូន។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បាននាំយកនៅស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារ លោកព្រិន្ទបាលឯក ធន ធឿន ផងដែរ ។ ជាមួយនឹងដែរ លោក ធន ធឿន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ផ្ទះមួយខ្នង និងមានបង្គន់អនាម័យមួយខ្នងបន្ថែមទៀតជូនគាត់សម្រាប់បានរស់នៅ និងប្រើប្រាស់នៅពេលនេះ នឹងបានសូមគោរពជូនពរសម្ដេចទាំងទ្វេ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។





































