កំពង់ចាម: អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានប្តេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍សម្រាប់បម្រើដល់ ផលប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន ភ្ជាប់ ជាមួយនឹងការជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំ សហគមន៍ផ្សេងៗ ដូចជាសហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក ក៏ដូចជា
ថ្នាក់ដឹកនាំនៅមូលដ្ឋាន។ ប្តេជ្ញាបែបនេះក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពង់ចាម បានប្តេជ្ញាពង្រឹង ពង្រីកកាលានុវត្តភាពដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដើម្បី រួមចំណែកដ៏សំខាន់ក្នុងការធានាបាន សំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខុដុមរមនា ជាមួយក្រុមគ្រួសារ និងសហគមន៍។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ។
ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា ជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរផងដែរ ៕





































