ត្បូងឃ្មុំ: ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន
កម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិមេគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្តេជ្ញាពង្រឹង ពង្រីកកាលានុវត្តភាពដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដើម្បី រួមចំណែកដ៏សំខាន់ក្នុងការធានាបាន សំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខុដុមរមនា ជាមួយក្រុមគ្រួសារ និងសហគមន៍។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ។
ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា ជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរផងដែរ ៕





































