ខេត្តស្ទឹងត្រែង៖ លោកគ្រូ អ្នកគ្រូភៀសសឹកពីតំបន់ជម្លោះព្រំដែន ដែលទាហានថៃបានបើកការឈ្លានពាន មកលើបូរណភាពទឹកដីកម្ពុជា ចាប់ពីថ្ងៃទី៧ធ្នូ រហូតដល់ថ្ងៃទី១២ធ្នូ២០២៥នេះ និងបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងខេត្តស្ទឹងត្រែង នៅតែឈរលើមនសិកាស្នេហាជាតិខ្ពស់ ដោយបានប្រមូលកុមារភៀសសឹកទាំងអស់ នៅក្នុងមណ្ឌល ឲ្យទទួលបានការអប់រំ បណ្តុះបណ្តាលលើមុខវិជ្ជាទូទៅ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ផងដែរ។
មណ្ឌលសុវត្ថិភាព នៃសាលាបឋមសិក្សាសំអាង ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានក្លាយជាទីតាំងដ៏សំខាន់មួយ ដែលបានបង្ហាញពីឧត្តមគតិមនុស្សធម៌ និងការប្តេជ្ញាចិត្តផ្នែកអប់រំ ដ៏ពិតប្រាកដរបស់លោកគ្រូ អ្នកគ្រូភៀសសឹកពីតំបន់មានជម្លោះ។
ស្ថិតក្នុងស្ថានភាពដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្ន ហើយបានមកស្នាក់នៅក្នុងមណ្ឌលភៀសសឹកក្នុងខេត្តស្ទឹងត្រែង ក្រោយបើកការវាយប្រហារតាមផ្លូវអាកាស និងថ្មើជើងយ៉ាងខ្លាំងក្លា ឈ្លានពានគ្រប់ទម្រង់ និងគ្រប់រូបភាពពីទាហានសៀមនោះ វត្តមានលោកគ្រូ អ្នកគ្រូ ដែលបានភៀសខ្លួនចេញពីតំបន់រងផលប៉ះពាល់ និងបានបន្តមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព នៃសាលាបឋមសិក្សាសំអាង បានប្រមូលផ្តុំគ្នាជាគ្រូបង្គោល ដើម្បីរៀបចំការបង្រៀនដល់កុមារ កូនចៅពលរដ្ឋភៀសសឹកគ្រប់ៗគ្នាឡើងវិញ។
សកម្មភាពរបស់លោកគ្រូ អ្នកគ្រូ នៅក្នុងមណ្ឌលភៀសសឹក ត្រូវបានចាត់ទុកជាគ្រូគំរូនៅក្នុងមូលដ្ឋាន និងក្នុងសង្គមជាតិ ដែលឆ្លុះបញ្ចាំងពី «បេះដូងគ្រូបង្រៀន» ដ៏ថ្លៃថ្លា ដែលចាត់ទុកការអប់រំ ជាកត្តាដ៏សំខាន់បំផុត សម្រាប់ការពារកុមារពីផលប៉ះពាល់ផ្លូវចិត្ត និងបញ្ចៀសការបោះបង់ចោលការសិក្សា ក្នុងគ្រាមានអាសន្ន។
លោកគ្រូ អ្នកគ្រូ ភៀសសឹកបានប្រមូលផ្តុំកុមារ (សិស្សានុសិស្ស) ដោយមិនគិតពីកាលៈទេសៈ នៃការលំបាក ឬការប្រឈមមុខផ្សេងៗ ដើម្បីធានាថា សិទ្ធិកុមារក្នុងការទទួលបានការអប់រំ ត្រូវបានបំពេញ ទោះបីស្ថិតក្នុងជំរុំបណ្តោះអាសន្នក៏ដោយក្តី។
លោកគ្រូ អ្នកគ្រូ នៅមណ្ឌលភៀសសឹកខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ធ្នូនេះ បានលើកឡើងថា “ការអប់រំក្នុងគ្រាអាសន្ន មិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ តែជាការផ្តល់នូវ ស្ថិរភាពផ្លូវចិត្ត និងក្តីសង្ឃឹម ដល់កុមារដែលរងគ្រោះដោយសារជម្លោះព្រំដែន”។ មនសិការដ៏មុតស្រួចនេះ បានបង្ហាញឲ្យឃើញពីឆន្ទះខ្មែរស្រលាញ់ខ្មែរ ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា “នេះជាបេះដូងគ្រូបង្រៀន បើទោះបីស្ថិតក្នុងស្ថានភាពភៀសសឹក គេចចេញពីការឈ្លានពានរបស់ទាហានថៃ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលជនភៀសសឹកខេត្តស្ទឹងត្រែងក្តី ក៏លោកគ្រូ អ្នកគ្រូ នាំគ្នាដើរប្រមូលសិស្ស ដែលជាកូនចៅប្រជាជនភៀសសឹកមកបង្រៀន ដើម្បីបញ្ចៀសការបោះបង់ចោលការសិក្សារបស់សិស្ស”។
លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានសម្តែងនូវសមានចិត្តស្ញប់ស្ញែងយ៉ាងក្រៃលែង និងលោកអភិបាលខេត្ត បានចាត់ទុកថា នេះជាមនសិការស្នេហាជាតិដ៏ពិតប្រាកដ របស់លោកគ្រូ អ្នកគ្រូ ដោយសេចក្តីគោរព៕ដោយ៖ឡុង សំបូរ







































