ក្រុមការងារយុវជនធនាគារជាតិ នៃកម្ពុជា ចុះជួយឃុំត្បូងក្រពើ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៧៥គ្រួសារ

0

(កំពង់ធំ)÷ ឯកឧត្តម គិត សុវណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារយុវជនធនាគារជាតិ នៃកម្ពុជា ចុះជួយឃុំត្បូងក្រពើ និងលោក គៀង សេងគី មេឃុំត្បូងក្រពើ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួនសរុប៧៥គ្រួសារ នៅបរិវេណសាលាឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

លោក គៀង សេងគី មេឃុំត្បូងក្រពើ បានលើកឡើងថាយោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការការពារជាតិមាតុភូមិកម្ពុជា និងរកសន្តិភាពជូនប្រទេសកម្ពុជា។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខទៅកាន់បងប្អូនដែលបានភៀសសឹតឯកឧត្តម គិត សុវណ្ណារិទ្ធ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តែងតែមានការខ្វល់ខ្វាយបារម្ភអំពីសុខទុក្ខក្នុងវរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកយើងគ្រប់ពេលវេលា ដើម្បីមកទទួលបានគ្រឿងឧបភោគបរិភោគសម្រាប់ដោះស្រាយជីវភាពបានមួយកម្រិតផងដែរ។

ឯកឧត្តម គិត សុវណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈសម្រាប់បន្តចែកចាយជូនដល់គ្រួសារកងទ័ព ជនភៀសសឹកនៅក្នុងរយៈពេលនៃសង្គ្រាមនេះ។ នេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។  តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើងដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឈ្លានពានយោធាថៃឱ្យរលាយសាបសូន្យ។

សូមបញ្ជាក់ផងដែរថា គ្រួសារកងទ័ពចំនួន៨គ្រួសារ ក្នុង១គ្រួសារៗទទួលបាន÷ អង្ករ៥០គីឡូក្រាម មី០២កេស
ទឹកត្រី០៣យួរ ទឹកស៊ីវអ៊ីវ០៣យួរ ស្ករសរ០៥គីឡូក្រាម អំបិល០៥គីឡូក្រាម និងថវិកា៤០០,០០០រៀល។ សម្រាប់គ្រួសារភៀសសឹកចំនួន៦៨គ្រួសារ ក្នុង១គ្រួសារៗទទួលបាន÷ អង្ករ៥០គីឡូក្រាម មី០២កេស ទឹកត្រី០៣យួរ ទឹកស៊ីវអ៊ីវ០៣យួរ ស្ករសរ០៥គីឡូក្រាម អំបិល០៥គីឡូក្រាមថវិកា២០០,០០០រៀល។ ចំណែកឯលោក គៀង សេងគី មេឃុំត្បូងក្រពើ ផ្តល់សម្ភារសិក្សាដល់សិស្សភៀសសឹកចំនួន១នាក់ រៀនថ្នាក់ទី៩មាន÷ កាតាប១ សៀវភៅ៦ក្បាល ប៊ិច០៦ដើម និងថវិកា២០០,០០០រៀល។ អត្ថបទលោក ធូ កែវមុន្នី