អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់សាធារណជន ឲ្យបញ្ឈប់ការរើសអើងអ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអំពាវនាវដល់សាធារណជន ​សូមបញ្ឈប់ជាដាច់ខាតនូវការរើសអើង និងការប្រកាន់ បែងចែក ចំពោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍។ ខណៈរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបង្ហាញថា មានអ្នកមានជំងឺអេដស៍សរុប ៤៥៥នាក់ កំពុងទទួលការព្យាបាល ក្នុងនោះ មានមនុស្សពេញវ័យ ៤៤៤ នាក់ និងកុមារ ១១នាក់។

ប្រសាសន៍អំពាវនាវរបស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែង ក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅលើបរិវេណទីលានតេជោសន្តិភាព ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” ។

លោក សរ សុពុត្រា មានប្រសាសន៍ទៀតថា អ្នកផ្ទុកមេរោគអេដស៍ (HIV) គឺជាជនរងគ្រោះ ដែលទាមទារនូវការយោគយល់ និងការអាណិតអាសូរពីសង្គមជាតិទាំងមូល។ ​ចំពោះបងប្អូនជនរួមជាតិ ដែលផ្ទុកមេរោគអេដស៍ សូមកុំអស់សង្ឃឹម ត្រូវតែបន្តថែទាំសុខភាពឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលទានថ្នាំប្រឆាំងមេរោគអេដស៍ (ARV) ឱ្យបានទៀងទាត់ និងជាប្រចាំ តាមវេជ្ជបញ្ជា ដើម្បីធានាបាននូវសុខភាពមាំមួន និងគុណភាពជីវិតកាន់តែប្រសើរឡើង។

លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានបញ្ជាក់ថា «ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មិនដែលបោះបង់ចោលបងប្អូនប្រជាពលរដ្ឋយើងម្នាក់ណាឡើយ ហើយតែងតែយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងសម្ភារៈជានិច្ច»។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកថា ខេត្តស្ទឹងត្រែងនៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ (UNAIDS) ដូចជា គោលដៅសូន្យប៊ី (សូន្យការឆ្លងថ្មី សូន្យការរើសអើង និងសូន្យការស្លាប់) និងគោលដៅ ៩៥-៩៥-៩៥ សម្រាប់ឆ្នាំ២០៣០។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបង្ហាញពីស្ថានភាព និងលទ្ធផលការងារដ៏សំខាន់ដែលសម្រេចបានក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៥ រួមមាន៖ ​មណ្ឌលសុខភាពចំនួន ២១កន្លែង នៅក្នុងខេត្ត បានផ្តល់ការប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ លើអតិថិជនសរុប ៤ពាន់ ៦៦៦ នាក់ ​ក្នុងចំណោមនោះ មានតែ ០១ ករណីប៉ុណ្ណោះ ដែលរកឃើញមានប្រតិកម្មវិជ្ជមានមេរោគអេដស៍ សេវាបង្ការការចម្លងពីម្តាយទៅកូន (PMTCT)​ សេវានេះបានដំណើរការនៅគ្រប់មណ្ឌលសុខភាពទាំង ២១ កន្លែងក្នុងខេត្ត។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបន្តថា មានស្ត្រីមានផ្ទៃពោះ ៣ពាន់ ៨៥២នាក់ បានស្ម័គ្រចិត្តធ្វើតេស្ត ដោយរកឃើញមានប្រតិកម្មអេដស៍ ០៥នាក់ និងប្រតិកម្មស្វាយ ២៧នាក់។​មណ្ឌលប្រឹក្សា និងតេស្តឈាមស្ម័គ្រចិត្ត (VCCT) មណ្ឌល VCCT ០១ កន្លែង បានធ្វើតេស្តលើអតិថិជនសរុប ៦១៤នាក់។ លទ្ធផលរកឃើញវិជ្ជមានសរុប ២៧នាក់ ក្នុងនោះមានស្ត្រី ១៦នាក់។ ​ការថែទាំព្យាបាល(ART): ​សេវាថែទាំព្យាបាល និងផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ បានដំណើរការនៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន មានអ្នកជំងឺអេដស៍សរុប ៤៥៥ នាក់ កំពុងទទួលការព្យាបាល ក្នុងនោះមានមនុស្សពេញវ័យ ៤៤៤ នាក់ និងកុមារ ១១ នាក់ តាមរយៈការគាំទ្រពីអង្គការ RHAC ការធ្វើតេស្តលើក្រុមប្រឈមសរុប ៤៩៨ នាក់ (រួមមាន EWs, MSM, TG) បានរកឃើញមេរោគអេដស៍ វិជ្ជមានសរុប ២២ នាក់ (EWs=១៤ នាក់,MSM=០៨ នាក់)។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានអំពាវនាវដល់សាធារណជន ជាពិសេសយុវវ័យ ត្រូវចៀសវាង ត្រូវចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន និងការរួមភេទដោយមិនបានការពារ ដែលជាកត្តាប្រឈមខ្ពស់។ ដោយឡែក ​ស្ត្រីមានផ្ទៃពោះ ត្រូវទៅទទួលការធ្វើតេស្តរកមេរោគអេដស៍ និងស្វែងរកសេវា PMTCT ឲ្យបានឆាប់រហ័ស បើមានលទ្ធផលវិជ្ជមាន។ ចំពោះ​អ្នកប្រឈម ត្រូវមានភាពក្លាហានទៅធ្វើតេស្តឈាមរកមេរោគអេដស៍ឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា និងត្រូវប្រញាប់ទៅទទួលការថែទាំព្យាបាល និងគោរពវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការស្រុតចុះសុខភាព និងចៀសវាងការចម្លងបន្តទៅអ្នកដទៃ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យ នៅតែជាវិធានការដ៏មានប្រសិទ្ធិភាព ក្នុងការបង្ការការចម្លងមេរោគអេដស៍ និងជំងឺកាមរោគ ការអនុវត្តបែបនេះ ដើម្បីការពារសមិទ្ធផលដែលសម្រេចបាន និងជំរុញការឆ្លើយតបឆ្ពោះទៅគោលដៅឆ្នាំ២០៣០៕ដោយ៖ឡុង សំបូរ